Connect with us

សុខភាព

រកឃើញពលករខ្មែរ ០៨នាក់វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករ ១៤០នាក់ដែលភាគីថៃបញ្ជូនមកកម្ពុជា

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីចំនួន០៨នាក់ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករប្រមាណចំនួន ១៤០នាក់ ដែលសមត្ថកិច្ចខាងភាគីថៃចាប់បញ្ជូនប្រគល់មកអោយអាជ្ញាធរភាគីខាងកម្ពុជា ។

សមត្ថកិច្ចបានអោយដឹងថា ការតេស្តរកឃើញពលករខ្មែរវិជ្ជមានជំងឺកូវីដ-១៩ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចុះទទួលពលករវិលត្រឡប់មកស្រុកកំណើតវិញ ដែលខាងភាគីថៃបញ្ជូនមកតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ពលករខ្មែរទាំង ១៤០នាក់ ក្នុងនោះមានបុរសមចំនួន៦៥នាក់ ស្ត្រី៥៦នាក់ និងក្មេងចំនួន១៩នាក់ ដោយក្នុងនោះក្រុមគ្រូពេទ្យបានពិនិត្យ រកឃើញពលករប្រុសស្រី ចំនួន៨នាក់ មានផ្ទុកជំងឺកូវីដ- ១៩ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសំរាកព្យាបាលនៅមណ្ឌលព្យាបាលស្រុកសំពៅលូន  ដោយឡែកពលករ ចំនួន១១៣នាក់ មានកាតចាក់វ៉ាក់សាំង ត្រូវក្រុមគ្រូពេទ្យណែនាំអប់រំ ហើយអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ រីឯពលករដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវគ្រូពេទ្យបញ្ជូនទៅមណ្ឌលដើម្បីសម្រាកព្យាបាលជំងឺ និងធ្វើចត្តាឡីស័កផងដែរ ៕

ដោយ ៖ សាលី