Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ  ប្រធានគណៈកម្មាធិការសាខា ដោយបានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា  អនុសាខាក្រុងស្រុកទាំង១៤ មន្ត្រី ក្រុមប្រតិបត្តិសាខា លោកគ្រូទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជាសរុប ៤៨រូប នៅសាលប្រជុំទីស្នាក់ការសាខា ។

 កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវរៈសំខាន់ៗ មួយចំនួន រួមមាន ៖ ១-ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ ។ ២-ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២១ និងផែនការថវិកាឆ្នាំ២០២២ ។ ៣-ត្រៀមប្រារព្ធខួបលើកទី១៥៩ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តបាត់ដំបង ។ ៤-ការងារផ្សេងៗ ។

មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តម សុខ លូ បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ មេត្តាពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិយោបល់ បំពេញបន្ថែមកែសម្រួលរាល់ខ្លឹមសារ និងសកម្មភាពមួយចំនួនទៀត ដែលនៅខ្វះចន្លោះ ដើម្បីដាក់បញ្ចូលក្នុងគោលបំណង ធ្វើឲ្យរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២២នេះ មានភាពត្រឹមត្រូវច្បាស់លាស់ និងតម្លាភាព ។

កិច្ចប្រជុំបានដំណើរការតាមការគ្រោងទុក សមាជិកសមាជិកាទាំងអស់ក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ទៅវិញទៅមក និងបានឯកភាពលទ្ធផលការងារសកម្មភាពប្រចាំឆ្នាំ និងផែនការសកម្មភាពបន្តឆ្នាំ២០២២ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានធ្វើឱ្យសាខាមានការរីកចម្រើនគួរជាទីមោទនៈ ទោះបីជាប្រទេសកម្ពុជាក៏ដូចជាខេត្តបាត់ដំបង កំពុងជួបនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសាកលយ៉ាងណាក្ដី ក៏សាខាខេត្ត បានសម្រេចលទ្ធផលការងារដ៏ត្រចះត្រចង់ ដោយមានការឧបត្ថម្ភគាំទ្រនឹងយកចិត្តទុកដាក់ជាពិសេសបំផុតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា /អនុសាខាក្រុង/ស្រុក ឃុំ/សង្កាត់ អាជីវក សប្បុរសជន  អ្នកស្ម័គ្រចិត្ត យុវជន គ្រប់ជាន់ថ្នាក់ទាំងអស់ បានចាត់ចែងប្រើប្រាស់អំណោយជាសម្ភារ ថវិកា ដែលឧបត្ថម្ភគាំទ្រពី ព្រះសង្ឃ សប្បុរសជននានា ក្នុងមូលដ្ឋាន និងពីបណ្តាខេត្ត/រាជធានីនៅទូទាំងប្រទេស បានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមប្រធាន បានសំណូមពរ និងក្រើនរំលឹកដល់មន្រី្តប្រតិបត្តិសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរនិងសកម្មផុលផុសនិងប្រមូលផ្តុំកម្លាំងមនុស្សធម៌ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន ៖ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ។ ២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍  ។ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ។ ៤-ការអភិវឌ្ឍស្ថាប័ន  និងម៉្យាងទៀតត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជាៈ អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ។ល។

 ឯកឧត្តមប្រធានបានលើកពីការងារ ៨ ឧសភា សំរាប់ឆ្នាំ២០២២ មកពិភាក្សាជាមួយគណៈកម្មាធិការសាខា ដោយបានឯកភាពត្រៀមយកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ សំរាប់ការប្រារព្វទិវា ហើយឯកឧត្តមក៏បានស្នើសុំដល់សាខា អនុសាខាកាកបាទក្រហមទូទាំងខេត្តបាត់ដំបង បន្តផ្សព្វផ្សាយនិងអប់រំពីវិធានការការពារ ទប់ស្កាត់ការរាលដាលជំងឺ Covid-19 ជម្រុញដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ។

បញ្ចប់កិច្ចប្រជុំឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភ អនុសាខាក្រុងស្រុកទាំង១៤ ដោយ១អនុសាខាទទួលបានជែលចំនួន ១៥កេស Logo កាកបាទក្រហមចំនួន ១៥ និងសាលាគោលដៅតំណាងចំនួន៣ ដោយ១សាលាទទួលបានជែលចំនួន ១០កេសនិងlogoចំនួន ៥ផងដែរ ៕

ដោយ ៖ សាលី