Connect with us

ព័ត៌មានជាតិ

បើកម៉ូតូឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលបុកកង់គោយន្តកន្ត្រៃខាងមុខបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់

ខេត្តបាត់ដំបង! ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបរម៉ូតូក្នុងល្បឿនលឿនឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកង់គោយន្តកន្ត្រៃនៅខាងមុខ។

សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែររង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃដឹកចំបើងមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង(1Q-8029) បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន និងបានឡើងវ៉ាជែងមិនផុតក៍បានរ៉េចង្កូតជ្រុលទៅបុកកង់គោយន្តកន្ត្រៃខាងមុខបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។