Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២២

ខេត្តប៉ៃលិន៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព សុខភាពប្រជាពលរដ្ឋ ថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ និងបង្កើននូវសោភ័ណភាពទីក្រុងស្រស់ស្អាតបង្កភាពទាក់ទាញដល់មហាជននាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តប៉ៃលិនបានដឹកនាំក្រុមការងារមន្រ្តីសាលាខេត្ត មន្រ្តីរាជការ មកពីតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងប្រជាពលរដ្ឋប្រារព្ធពិធីទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២២។

ក្នុងពេលកំពុងនាំគ្នាដើរតាមដងផ្លូវដើម្បីសម្អាតសំរាម លោក នឹម អឿន ចៅសង្កាត់ប៉ៃលិន និងជាក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិនបានឱ្យដឹងថា ការធ្វើកម្មវិធីប្រារព្ធទិវាអនាម័យបរិស្ថាននេះ ដឹកនាំដោយខាងរដ្ឋបាលខេត្តដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្ត ក្រុមយុវជន ស.ស.យ.ក ខេត្ត ក្រុមយុវជនកាយរិទ្ធិហើយនឹងសិស្សានុសិស្សដោយនាំគ្នាដើររើសសំរាម សម្អាតតាមទីធ្លាដងផ្លូវជាតិ និងផ្លូវលំនៅក្នុងក្រុងប៉ៃលិន ដើម្បីឱ្យទីក្រុងប៉ៃលិនទទួលបានភាពស្អាតជានិច្ច គ្មានសំរាមធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ជៀសវាងកើតជំងឺរោគាជាពិសេសជំងឺផ្លូវដង្ហើមជាដើម។ លោកបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្តប៉ៃលិន លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ៃលិនក៏ដូចជាទូទាំងខេត្តត្រូវយកចិត្តទុកដាក់រក្សាសំរាម និងកាកសំណល់នៅតាមផ្ទះឱ្យបានល្អគង់វង្ស កុំបោះចោលពាសវាលពាសកាលនាំឱ្យបាត់បង់នូវសោភ័ណភាពទីក្រុងស្អាតផងដែរ។

លោកបញ្ជាក់ថា ការនាំគ្នាធ្វើកម្មវិធីទិវាបរិស្ថាននេះ គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនកុះករធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការលក់ដូរនំចំណី គ្រឿងបរិភោគនានាកាន់តែដាច់កាក់កបផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តប៉ៃលិនដែលជាទឹកដីត្បូងពេជ្រកាន់តែមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនជឿនលឿន ជាពិសេសច្រកទ្វារអន្តរជាតិព្រំ មានការតុបតែងភ្លើងបំភ្លឺនាពេលយប់ដែលបញ្ចេញពន្លឺជះយ៉ាងត្រចះត្រចង់ដូចពេលថ្ងៃ ដែលមិនមានការលំបាក ឬព្រួយបារម្ភក្នុងការធ្វើដំណើរនាពេលយប់នោះឡើយ៕