Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ បញ្ជូនទៅតុលាការ ករណីរំលោភលើទំនុកចិត្ត

បន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កុងចៃ ឡាក់សាម៉ី (ហៅលុកម៉ី) ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរជាបុគ្គលិកនៅក្នុងកាស៊ីណូ ផាលេសផ្តាស់កគ្រុប មានតួនាទីកាន់ផ្នែកគណនេយ្យផ្ទេរប្រាក់ចេញចូលនៅក្នុងក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការក្រុង ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ តាមបណ្តឹងរបស់ក្រុមហ៊ុនកាស៊ីណូ ផាលេសផ្តាស់កគ្រុប ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត លួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុន ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សរុបជាទឹកប្រាក់ទាំងអស់ ចំនួន៧,៤៧៧,២៤៤បាត ។

ករណីនេះសមត្ថកិច្ច បានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ១.មាសសន្លឹកចំនួន ០៥សន្លឹក, ២.កងដៃលោហៈធាតុពណ៌លឿងចំនួន០១កង, ៣.ឡែបថប់ ពណ៌ខ្មៅ ចំនួន ០១គ្រឿង, ៤.នាឡិកា ចំនួន០១គ្រឿង, ៥.ខ្សែកលោហៈធាតុពណ៌លឿងចំនួន០១ខ្សែ, ៦.ទូរស័ព្ទម៉ាក Iphone 14pro max ចំនួន ០១គ្រឿង, ៧.ប្រាក់ថៃចំនួន ១០០,០០០បាត ។

ក្រោមបទបញ្ជាការរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕