Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយបានធ្វើសកម្មភាព ចូលលួចកាច់យកដែកក្នុងវត្ត

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយពីគេបានធ្វើសកម្មភាព ចូលលួចកាច់យកដែកក្នុងវត្ត ។

ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងក្នុងបរិវេណ(វត្តពោធិ៍ក្នុង) ស្ថិតក្នុងក្រុមទី៤ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ដែលជាអធិការក្រុង ។

សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចបានចុះមកទីតាំងខាងលើ និងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សៀម វីលុច ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងបានមកស្នាក់រស់នៅក្នុងខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើបានសារភាពថា រូបគេបានធ្វើសកម្មភាពចូលលួចកាច់យកដែកក្នុងវត្តនេះ ជាលើកទីពីរហើយ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅកាន់អធិការនគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកវត្ថុតាង(ដែក) ត្រូវបានប្រគល់អោយខាងគណកម្មការវត្តវិញផងដែរ ៕

ដោយ ៖ សាលី