Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ទីអារាមនៅតែជាកន្លែងផ្តល់នូវការអប់រំនិងចំណេះដឹងគ្រប់សម័យកាល

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានថ្លែងថាទីអារាមនៅតែជាកន្លែងផ្តល់នូវការអប់រំនិងចំណេះដឹងដល់យុវជនគ្រប់សម័យកាល។ការថ្លែងដូច្នេះខណៈលោកមើលឃើញថានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺប្រសូត្រចេញពីត្រកូលកសិករនិងធ្លាប់ជាអ្នកស្នាក់នៅរៀនសូត្រក្នុងទីអារាមកាលពីពេលកន្លងមក។នេះបើយោងតាមសម្តីរបស់លោកក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានានិងសាលធម្មសភា នៅវត្តកោះពន្លាជ័យ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣។

អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានគូសបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន ព្រោះតែជីវភាពក្នុងគ្រួសារទីទ័លក្រ ឪពុកម្តាយគ្មានលទ្ធភាពឱ្យកូនរៀនបានខ្ពង់ខ្ពស់ដូចគេដទៃ សុខចិត្តឱ្យកូនចាកចេញពីភូមិឋាន ហើយយកទីអារាមជាកន្លែងស្នាក់នៅនិងយកព្រះសង្ឃជាគ្រូបាទធ្យាយនៅឯទីក្រុងភ្នំពេញ ឆ្ងាយពីឪពុកម្តាយ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថាការស្នាក់នៅវត្តដើម្បីសិក្សារៀនសូត្រគឺមិនមែនមានតែសម្តេចមួយទេ នៅក្នុងសម័យកាលនោះ រហូតមកទល់បច្ចុប្បន្នគឺនៅមានអ្នកផ្សេងៗច្រើនទៀត ដែលរហូតមកទល់ពេលនេះ មានមួយចំនួនធំបានក្លាយជាឥស្សរជនជាន់ខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាលថែមទៀតផង។ដូច្នេះការកសាងសមិទ្ធិផលនានាក្នុងវត្តកោះពន្លាជ័យក្នុងថ្ងៃនេះ គឺជាលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានិងការអប់រំរៀនសូត្រដល់បុត្រធិតារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈ
ការបួសរៀននិងស្នាក់នៅ។

ថ្លែងលើកឡើងក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការត្រេកអរជាមួយព្រះតេជគុណ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ជាពិសេសលោកយាយលោកតា និងប្រជាពលរដ្ឋឃុំអមលាំង ដែលថ្មីៗនេះបានទទួលសមិទ្ធផលជាច្រើនពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺ។ ជាមួយគ្នានោះ លោកក៏បានសម្តែងនូវការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ សាន សាន់ ព្រះគ្រូចៅអធិការវត្តពន្លាជ័យ ព្រមទាំងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រមូលបច្ច័យពីសប្បុរសជនទាំងអស់និងពុទ្ធសាសនិកមកកសាងសមិទ្ធិផលនានាក្នុងវត្តនេះចំណាយទឹកប្រាក់អស់ប្រមាណជិត២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះដែរលោកក៏បានថ្លែងអំណរគុណចំពោះ លោក អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានបរិច្ចាកកម្លាំងកាយ កម្លាំងចិត្ត សម្ភារៈ និងថវិកា ដើម្បីចូលរួមកសាងសមិទ្ធិផលជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺនេះដោយបានគិតគូរ និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈគម្រោងជួសជុល ស្តារ សាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម និងសមិទ្ធផលផ្សេងៗទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ផងដែរថា ចូលឆ្នាំ ២០២៣នេះ រដ្ឋបាលស្រុកថ្ពងក្រៅពីសមិទ្ធផលថ្ងៃនេះ គឺបងប្អូនប្រជាពលរដ្ឋក្នុងឃុំអមលាំង ក៏ទើបតែទទួលបានផ្លូវមួយខ្សែប្រភេទ DBST ប្រវែង ជាង១៥គីឡូម៉ែត្រ ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកជ្រោះជ្រាវ ដែលបានប្រកាសបើកការដ្ឋានសាងសង់ផ្លូវកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅផងដែរ។