Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ៖ កម្លាំងវរទាំង៤ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់ កងកម្លាំងនគរបាលវរការពារព្រំដែនគោកទាំង៤ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ ។

ការលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ ចំពោះមុខ និងពង្រឹងបច្ចេកទេសការងារព្រំដែន ដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នៅស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនជំនាញ លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២ ។

លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ ជម្រុញទៀតថា កងកម្លាំងនគរបាលទាំងអស់ ត្រូវគោរពវិន័យ អនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ, ត្រូវពង្រឹងការងារយាមល្បាតជាប្រចាំ, ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង ត្រៀមអន្តរាគមន៍បង្ក្រាបរាល់បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យក្នុងរដូវប្រាំង តាមមូលដ្ឋាននិងភូមិសាស្ត្រដែលកម្លាំងទាំងអស់ឈរជើងគ្រប់គ្រង ៕