Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​សារធាតុញៀន​ចូល​មក​កម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម បានចេញបទបញ្ជាដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលឡើងវិញ ក្នុងការអនុញ្ញាតឲ្យនាំសារធាតុញៀនចូលមកប្រទេសកម្ពុជា ខណៈគ្រឿងញៀនចរាចរចូលមកកម្ពុជា មិនទាន់មានការថមថយនៅឡើយ។

ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញសារធាតុញៀន ដឹកចូលមកកម្ពុជាដោយស្របច្បាប់ ជាង១០០តោន ហើយករណីនេះសម្ដេច បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ? ក្នុងការនាំ​សារធាតុញៀន​ទាំងនេះ ​ចូលមកប្រទេសកម្ពុជានោះ។

សម្ដេចក្រឡាហោម បានបន្ដថាយើងត្រូវរកឱ្យឃើញអ្នកទទួលខុសត្រូវចំពោះការនាំ​សារធាតុញៀន​ទាំង​នោះ​ចូល​មកកម្ពុជា​ ដោយហេតុថា ការនាំគ្នាចុះហត្ថលេខា អនុញ្ញាត​ឱ្យនាំ​សារធាតុញៀន​ចូល​មកកម្ពុជានេះ ព្រៀបដូចនាំ​រថយន្ដ​គេចពន្ធ​ចូល​មក​កម្ពុជា​យ៉ាង​ដូច្នេះដែរ​ ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមឲ្យក្រសួង ដែលជាក្រសួងអាជ្ញាប័ណ្ណ ដោយនិយាយ​ប៉ុណ្ណឹង​មិនបាច់បញ្ចេញឈ្មោះទេ ខ្ញុំនិយាយប៉ុណ្ណឹងដឹងហើយ សូមឯកឧត្តមរដ្ឋមន្ដ្រី មើលរឿងហ្នឹង បើមិនចឹងទេ? ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទង​ការ​បំផ្លាញ​សុខភាព​សាធារណៈ ហើយអាជ្ញាធរគ្រឿងញៀន​ត្រូវពិនិត្យរឿងឱ្យច្បាស់លាស់»

ជាមួយគ្នានោះដែរ​សម្តេចក្រឡាហោម ស ខេង ​ក៏បានណែនាំបន្ថែមទៀត ដល់ក្រសួងដែលចេញ​អាជ្ញា​ប័ណ្ណនោះ ត្រូវបញ្ជូនលិខិតមកក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាល និងអាជ្ញាធរ​គ្រឿងញៀន ​បានដឹងផងដែរ។ ដើម្បីឲ្យក្រសួងមហាផ្ទៃដឹងថា ការនាំសារធាតុញៀនចូលមកម្ពុជា​នេះ​គឺដើម្បីនាំមកយកធ្វើជីឬធ្វើថ្នាំ ​ឬក៏ធ្វើអ្វីផ្សេងៗទៀត។

សម្ដេច ចោទសួរបន្ថែមថា មូលហេតុអ្វីបានមិនផ្ដល់ដំណឹងឱ្យគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណា កុំសារធាតុញៀននេះ ក្លាយទៅជាគ្រឿងញៀនបំពុលសង្គមខ្មែរនោះ៕