Connect with us

ព័ត៌មានជាតិ

នគរបាល ឃាត់ខ្លួនជនសង្ស័យ៨នាក់ បញ្ជូនទៅតុលាការ ករណីវាយប្លន់ម៉ូតូយុវជនម្នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនសង្ស័យ៨នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាព ដេញវាយប្លន់ម៉ូតូយុវជនម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយ​ទទួលបានបណ្ដឹងរបស់ជនរងគ្រោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង២១ និង ០០នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងមុខមន្ទីរពេទ្យ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានជនសង្ស័យចំនួនពីរនាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញតាមខ្លួនតាំងពីចំណុចផ្លូវចូលដុងអារញ្ញរហូតដល់ចំណុចកើតហេតុខាងលើ ខ្លួនក៏បានចាប់ហ្វ្រាំងម៉ូតូផ្ដួលនៅនឹងថ្នល់ជាតិ ក្រោយមកជនសង្ស័យទាំងពីរនាក់បានឈប់ម៉ូតូហើយអ្នកជិះពីក្រោយបានចុះពីលើម៉ូតូដៃប្រុងដកអ្វីម្យ៉ាង ។ ឃើញដូចនេះ ខ្លួនក៏រត់ចូលប្រឡាយនៅខាងឆ្វេងដៃ បានប្រហែលមួយនាទី ខ្លួនក៏ឡើងមកលើថ្នល់វិញ ស្រាប់តែបាត់ម៉ូតូតែម្ដង រួចខ្លួនបានរត់ទៅការ៉ាសសាំងកូនដំរីហើយរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយធ្វើអន្តរាគមន៍តែម្ដង ។

លោកបន្តថា ភ្លាមៗ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ ចំនួន៨នាក់យកមកសាកសួរ ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាពតាមវាយ និងបានយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ៕