Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរសក្ដិ ដល់មន្ត្រីនគរបាល ខណៈការត្រួតពិនិត្យនាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន ២០០០នាក់ ក្នុងចំណោម ៤០០០នាក់ បានដឹកនាំគេដោយមិនបានរៀនវគ្គជំនាញមូលដ្ឋានទាល់តែសោះ។

ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជិត ២០គ្រឿងជូនដល់ វរសេនាតូចនគរបាល​ការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីពេលនេះតទៅ នគរបាលទាំងអស់ត្រូវ តែ​ធ្វើការ​ឆ្លងកាត់​វគ្គជំនាញមូលដ្ឋានយ៉ាងហោច​ណាស់​ចំនួន​បួនខែ ដោយមិនអនុញ្ញាត​ឲ្យ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ ដោយមិនបានធ្វើការរៀនសូត្រវគ្គមូលដ្ឋាននោះឡើយ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាន​នគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅពុំបានទាន់ធ្វើការរៀនសូត្រមុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោមបួនពាន់មុខតំណែង ​គឺបានរកឃើញជាងពីរពាន់តំណែង ដែល​មិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជា​កំហុសឆ្គង​ ដែលយើងចាំបាច់ត្រូវតែធ្វើការកែប្រែ ដោយ​បាន​រកឃើញបញ្ហានេះ ​ហើយយើបានប្រជុំ​ដើម្បីឯកភាពគ្នាដោះស្រាយរួចហើយ នឹង​ធ្វើការ​ណែនាំ​នាពេលឆាប់ៗ ខាងមុខនេះ»

សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា មន្រ្តីនគរបាលខ្លះ មាន​ភ័ព្វវាសនា​ដោយ​ក្នុង​មួយឆ្នាំឡើង​ឋានន្តរសក្ដិ​មួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយពុំ​បានឡើងនឹងគេ ដូច្នេះ​ហើយត្រូវនាំគ្នាពិនិត្យឲ្យបានច្បាស់លាស់​ ដោយត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​មនោស​ចេតនា ​បងប្អូន មិត្តភ័ក្ដិ ដើម្បីតួនាទី និង​ឋានន្តរសក្ដិ គប្បី​ក្រឡេក​មើល​មន្រ្តីណា ​ដែល​គេខិតខំធ្វើការងារល្អ ហើយ​ត្រូវលើកទឹកចិត្តដល់គេ ​និងលើក​កម្ពស់តួនាទី ​និង​ឋានន្តរសក្ដិ​ដល់​ពួកគេជាដើមនោះ។

យ៉ាងណាក៏ដោយនៅក្នុងពិធីប្រគល់រថយន្តនោះដែរ​ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែង​កោតសរសើរចំពោះមន្រ្តីនគបាលទាំងអស់ដែលបានខិតខំថែរក្សាសុខសន្តិភាព​ ជូន​ដល់ប្រជាជន និង​ប្រទេសជាតិទាំងមូល នាពេលកន្លងទៅផងដែរ ៕