Connect with us

ព័ត៌មានជាតិ

ដីតំបន់ព្រៃលិចទឹក​ប្រមាណ ៤០ហិកតានៅតំបន់បី ក្រុងសៀមរាប ត្រូវបានដាំកូនឈើឡើងវិញ

សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ខែមករានេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដសៀមរាប បានចាប់ផ្ដើមនាំគ្នាដាំដើមឈើស្ដារព្រៃលិចទឹកឡើងវិញ នៅលើដីដកហូតប្រមាណ ៤០ហិកតា ក្នុងក្រុងសៀមរាប ក្នុងចំណោមព្រៃលិចទឹកសរុបជាង ២ពាន់២រយហិកតា ក្នុងខេត្ដសៀមរាប។

លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយដំណាកទី១ លើផ្ទៃដីទំហំ ៥ហិកតា ក្នុងក្រុងសៀមរាប មានជា ២ពាន់ដើម ដំណាក់ការទី២ និងទី៣ មានផ្ទៃដីទំហំ ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង ១ម៉ឺនដើម។

លោក បានបន្ដថា ព្រៃលិចទឹកក្នុងតំបន់ ៣ដែលបានដកហូតពីប្រជាពលរដ្ឋនាពេលកន្លងមក នៅទូទាំងខេត្ដមានចំនួនជាង ២ពាន់៤រយហិកតា ប៉ុន្ដែត្រូវបានដាំដើមឈើសាកល្បងក្នុងបី​ដំណាក់កាលនេះ នៅលើផ្ទៃដី៤០ហិកតា។

លោក បន្ថែមថា ដើមឈើដែលត្រូវដាំមាន៦ភេទ រូមមានប្រភេទដើមរាំង ដើមឬស្សីស្រុក ដើមឬស្សីព្រៃ ដើមសណ្ដាន់ ដើមម្ដេញ គ្រាប់ត្នោតជាដើម ។លោក បានបន្ដថា បច្ចេកទេស​នៃការដាំ​កូន​ឈើ ត្រូវធ្វើឡើងទំហំ ៥ម៉ែត្រគុណ៥ម៉ែត្រ ប្រវែងជួរ ៥​ម៉ែត្រ និងចន្លោះពីដើមមួយទៅដើម​មួយ​មានប្រវែង៥ម មានន័យថា ​ក្នុងមួយហិកតា អាចដាំបាន ៤០០ដើម។

លោក បន្ថែមថា ការដាំសាកល្បងនេះ គឺត្រូវកំណត់ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ​ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ​នៅលើផ្ទៃដីដកហូត និងផ្ទៃដីប្រជាជនប្រគល់​ជូនក្រុមការងារអន្តរ ​ក្រសួងវិញដែលជនខិលខូចបានរុករាន​ រំលោភកាន់កាប់ខុសច្បាប់មកវិញ ។

លោក ងួន សែប បានបញ្ជាក់ថា ​ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពងខ្ពង់​របស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២៨ ខែវិច្ឆិកា ២០២១ ត្រូវដកហូតដី​ដែលបានកាប់រុករាន​ រំលោភកាន់កាប់ខុសច្បាប់ ​នឹងត្រូវដាំឬស្សី និងកូនឈើព្រៃលិចទឹក​ជាច្រើន​ប្រភេទ​ឡើងវិញ រួមមានឫស្សី ​ពឹងពុង ឬស្សីស្រុក ឫស្សីព្រៃ ​ដើមរាំងទឹក ​ដើមម្តេញ ​ដើមល្វា ដើម​ដង្កៀបក្តាម និងសណ្ដាន់ នៅលើផ្ទៃដីដកសរុប ៤៧,០១៤.៦៩ហិកតា ក្នុងខេត្ដជាប់បឹងទន្លេសាប។ដោយឡែកការដាំសាកល្បងជំហ៊ានទី១នេះ ក្រសួង​បរិស្ថាន​បានកំណត់​ដាំស្ដារ​សាកល្បងចំនួន ២០០ហិកតា រួមមាន ខេត្តសៀមរាប៤០ហិកតា​ ក្នុងចំណោមផ្ទៃដីសរុប២,២៤៨.៦១ហិកតា ខេត្តកំពង់ឆ្នាំង ដាំស្ដារសាកល្បង៥០ហិកតា ក្នុងផ្ទៃដីសរុបទំហំ២៧,៨៣៨.១៤ហិកតា ខេត្តបាត់ដំបង ដាំសាកល្បង៤០លើផ្ទៃដីសរុបបជាង៤៣៤៧,១៥ហិកតា ខេត្តបន្ទាយមានជ័យ ដាំសាកល្បង ២៥ហិកតា លើផ្ទៃដីសរុបជាង ៣៤៧១ហិកតា និងខេត្តកំពង់ធំដាំសាកល្ប ៤៥ហិកតា នៅលើផ្ទៃដីដកហូតសរុបជាង ៩ម៉ឺនហិកតា ៕