Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិថៃ៤នាក់ ទៅតុលាការក្នុងករណីរំលោភសេពសន្ទវៈ លើស្រ្តីជនជាតិថៃដូចគ្នា

បន្ទាយមានជ័យ÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កាលពីម៉ោង១យប់ចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឃាត់ជនសង្ស័យជនជាតិថៃ ០៤នាក់ ករណីរំលោភសេពសន្ទវៈ (ស្ថានទម្ងន់ទោស) លើស្រ្តីជនជាតិថៃដូចគ្នាកាលវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ អាយុ១៧ឆ្នាំ ជាជនជាតិ ថៃ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានឈានដល់ការឃាត់ជនសង្ស័យ ទាំង៤នាក់ ១.ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ២.ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។ ៣.ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។ ៤.ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ជនសង្ស័យ ទាំង៤នាក់ ស្នាក់នៅទីតាំងកើតហេតុ។

ក្រោយឃាត់ខ្លួននិងសួរ នាំរួច ជនសង្ស័យទាំង៤នាក់ បានឆ្លេីយថា ពួកខ្លួនពិតបាន រំលោភសេពសន្ទវៈ លើនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ចូនមកកាន់កងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហៀយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ ២០២៣ នេះ៕