Connect with us

ព័ត៌មានជាតិ

អបអរសាទរទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅបរិវេណវត្តអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ក្នុងគោលបំណងគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។

នាឱកាសនោះដែរ លោកឱសថបណ្ឌិត វឿង ប៊ុនរេត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអានសារលិខិតទាំងស្រុងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ២១កុម្ភៈ ២០២៣ ក្នុងខ្លឹមសារបានបញ្ជាក់ពីអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និង កុមារ ឲ្យស្ថិតនៅជាស្មារតីនៃការប្រុងប្រយ័ត្នប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ និងសូមអំពាវនាវនូវចំណុចមួយចំនួនផងដែរពាក់ព័ន្ធនិងសុខភាព។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ នៅកម្ពុជានោះ សម្តេច ប្រធាន តែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាករបស់បងប្អូនប្រជា ពលរដ្ឋជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន ស្រ្តីមានកូនច្រើន និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៣នេះប្រព្រឹត្តទៅក្រោមប្រធានបទ ” រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហាររូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព នៅឆ្នាំ២០៣០” ដែលក្នុងនាមជា មាតា និងជាជីដូនម្នាក់នោះ នាងខ្ញុំមានការចាប់អារម្មណ៍និងកោតសរសើរជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូបក្នុងការចិញ្ចឹម និងថែទាំកូនតាំងពីទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះបង្ហាញឱ្យឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។ បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យមាតាគ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង ដែលទាំងអស់នេះអ្នកម្ដាយគ្រប់រូបត្រូវស្វែងរកការផ្ដល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបំរើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើង ដូចជា ការបំបៅដោះកូន ការតាមដានភាពលូតលាស់នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។

គួរបញ្ជាក់ថា! អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗនាពេលនេះក្នុងមា្នក់ៗទទួលបាន៖ -អង្ករ២៥គីឡូក្រាម -ទឹកបរិសុទ្ធ១កេស -មី១កេស -ត្រីខ១យួរ – ទឹកត្រី១យួ -ទឹកស៊ីអ៉ីវ១យួ -មុង១ -ក្រមារ១ និងថវិកា៥ម៉ឺនផងដែរ៕