Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ ផល យើងមិនអាចអោយប្រទេសជាតិយើងធ្លាក់ទៅក្នុងសង្គ្រាមទៀតបានទេ

ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង២០០គ្រួសារនៅចំនុចប៉ៃឡាំ ស្ថិតក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានមានប្រសាសន៍ថា ពីថ្ងៃនេះទៅថ្ងៃមុខគឺយើងរស់នៅបានដោយសុខសន្តិភាព ដូច្នេះបើយើងមានអីដែលថាជាការលិចលឺពាក្យចរចាមអារាម ឬការបបួលអោយទៅធ្វើអ្វីមួយ គិតអ្វីមួយដែលប៉ះពាល់ដល់ការរស់នៅគ្មានសន្តិភាព សូមប្រាប់គ្នីគ្នា ប្រាប់គ្រួសារ ប្រាប់អាជ្ញាធរអោយដឹង ព្រោះយើងមិនអាចអោយប្រទេសជាតិយើងធ្លាក់ទៅក្នុងសង្គ្រាមបានទៀតទេ ព្រោះភ្លើងដែលអាចឆេះបានពីដំបូង មិនមែនឆេះខ្លាំងទេ គឺឆេះពីរងើកភ្លើងតូចមួយទៅ។

ដែលឯកឧត្តមលើកឡើងជាឧទាហរណ៍ក្នុងករណីឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប ផ្តើមចេញពីផ្ទុះសេខ្សែភ្លើងតូចមួយ ប៉ុន្តែសម្រាប់អ្នកខូចបានយកទៅអំពាវនាវ យកទៅឆ្កឹះឆ្កៀលថាដល់ពេលហើយ ដល់ពេលដួលហើយ តែនេះគ្រាន់តែភ្លើងឆេះធម្មតាសោះ គេថាដួលយ៉ាងម៉េច ដូច្នេះអ្វីដែលមិនគួរជឿយើងកុំជឿ យើងត្រូវពិចារណាអោយបានរឹងមាំ ហើយយើងរួមទាំងអស់គ្នាដើម្បីថែរទាំសន្តិភាពនេះសំខាន់ណាស់ ព្រោះយើងមិនអាចទៅរករបបណា គណបក្សណា ទៅរកបុគ្គលណា អោយលើសពីសម្តេចតេជោហ៊ុនសែនអោយដឹកនាំសន្តិភាព២០ -៣០ឆ្នាំនេះបានទេ។

បន្ថែមពីនេះឯកឧត្តមសន្តិបណ្ឌិត ក៏លើកឡើងអំពីបញ្ហាកូវីដ បើទោះបីជាមិនមានអ្នកឆ្លង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាផ្លូវការក្រសួងសុខាភិបាលរបស់យើង រាជរដ្ឋាភិបាលរបស់យើង មិនទាន់ប្រកាសបញ្ចប់ទាំងស្រុងនូវកូវីដមួយនេះទេ ដូច្នេះបើយើងពាក់ម៉ាស់បានអញ្ជើញពាក់បន្តទៀតចុះ យើងត្រូវប្រយ័ត្នប្រយែងពីការឆ្លង ប្រយ័ត្នប្រយែងឆ្លងពីមួយទៅមួយបើសិនជាមាន។

លើសពីនេះផងដែរ ឯកឧត្តម សន្តិបណ្ឌិត ប្រធាន ក៏បានឆ្លេីយតបសំណូមពរលោកនាយកសាលាបឋមសិក្សាប៉ៃឡាំ ដោយផ្តល់ជូននូវអគារ១ខ្នង ២បន្ទប់ សម្រាប់ ធ្វេីជាទីចាត់ការ និងបណ្ណាល័យ ហើយចុងបញ្ចប់ឯកឧត្តម សន្តិបណ្ឌិតប្រធាន ក៏បានសំណូមពរអោយបងប្អូនចូលរួមបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋសូមអនុវត្តសិទ្ធិទៅបោះឆ្នោតនាពេលខាងមុខ បន្ទាប់មកក៏បានចែកជូននូវសម្ភារៈ(ឃីត)ម្នាក់០១ ក្នុងនោះរួមមាន -អង្ករ ២៥គីឡូក្រាម -ទឹកត្រីនិងទឹកស៉ីអ៉ីវ ០១យួរ – ត្រីខ០១យួរ -មី០១កេស និងថវិកា២០,០០០រៀលផងដែរ។