Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពត​ ជួបសំណេះសំណាលជាមួយក្រុមគ្រួសារម៉ូតូឌុប តាក់ស៊ី គ្រូបង្រៀន និងគ្រូពេទ្យ ក្នុងក្រុងបូកគោ

កំពត​ ៖​ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រួសារម៉ូតូឌុប តាក់ស៊ី គ្រូបង្រៀន និងគ្រូពេទ្យ ក្នុងក្រុងបូកគោ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តាមរយៈការទទួលសេចក្តីរាយការណ៍ផ្ទាល់ពីប្រជាពលរដ្ឋនៅក្នុងក្រុងបូកគោ បានបញ្ជាក់ថា មានឯកសារពាក់ព័ន្ធនឹងដីធ្លីជាច្រើនរបស់ពួកគាត់ដែលអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការយឺតយ៉ាវ បណ្តាលឱ្យមានការកកស្ទះ និងមិនអាចចេញប័ណ្ឌកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ដើម្បីយកទៅបំពេញតម្រូវការប្រើប្រាស់របស់ពូកគាត់ រហូតធ្វើឱ្យមានការរអ៊ូរទាំលេចលឺដល់ត្រចៀករបស់ឯកឧត្តម។ ដូច្នេះឯកឧត្តមសូមដាក់បទបញ្ជាដល់លោកមេភូមិ មេឃុំ ស្មៀនឃុំ រដ្ឋបាលក្រុងបូកគោ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពិនិត្យ និងហ៊ានយកតួនាទីរបស់ខ្លួនទៅទទួលខុសត្រូវចំពោះការងារមួយចំនួនដែលខ្លួនបានពិនិត្យមើលឃើញជាក់ស្តែងនឹងភ្នែក ហើយមិនត្រូវបន្ទុចបង្អាក់ ឬរង់ចាំពិនិត្យនីតិវិធីមិនចេះចប់ ដែលធ្វើឱ្យមានការរាំងស្ទះ ឬពន្យាពេលយូរក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋដូច្នេះនោះទេ។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមក៏បានណែនាំ ដល់គ្រូបង្រៀនសូមយកវប្បធម៌កតញ្ញូ និចរិតជាតិនិយមទៅធ្វើពុម្ភដើម្បីឆ្លាក់ និងផលិតធនធានមនុស្សឱ្យបានល្អប្រសើរ និងត្រូវខិតខំសាបព្រួសនូវគ្រាប់ពូជល្អ ដើម្បីឱ្យក្មួយៗ ប្អូនៗយុវជនជំនាន់ក្រោយ ចេះរំលឹកគុណ ចេះដឹងគុណ និងចេះតបស្នងសងគុណចំពោះទឹកដីកំណើត ពិសេសត្រូវចូលរួមថែរក្សាសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលះបង់គ្រប់បែបយ៉ាង និងហ៊ានយកអាយុជីវិតទៅប្តូរ ដើម្បីឱ្យប្រទេសជាតិមានភាពសុខសាន្ត និងនិងមានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ៕