Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា បើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់

បាត់ដំបង ៖ មានប្រសាសន៍ក្នុងពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង ដែលជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យយើងមានឱកាសបានជួបជុំគ្នា ទទួលនូវសមិទ្ធផលថ្មីមួយទៀត នៅខេត្តបាត់ដំបង ហើយបើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់, បើគ្មានសុខសន្តិភាព រាជរដ្ឋាភិបាលយើងគ្មានឱកាសទៅទាក់ទាញអ្នកវិនិយោគ មកដាក់ទុននៅកម្ពុជា ដើម្បីឲ្យយើងបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ, បើគ្មានសុខសន្តិភាព យើងគ្មានឱកាសទៅទាក់ទាញនូវភ្ញៀវទេសចរណ៍រាប់លាននាក់មកលេងនៅកម្ពុជាយើង ដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ, បើគ្មានសុខសន្តិភាពយើងគ្មានឱកាសយកកសិផលយើង យកផលិតផលយើងទៅលក់នៅបរទេស ដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ, បើគ្មានសុខសន្តិភាពយើងគ្មានឱកាសកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក។ល។ និង។ល។ គឺគ្មានអ្វីៗទាំងអស់ ។ ដូច្នេះសុខសន្តិភាពនេះ គឺជា កត្តាដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងអោយបានរុងរឿង កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ។

បន្ថែមពីនេះឯកឧត្តម ក៏បានសំណូមពរទៅដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវរួមគ្នាអមដំណើរជាមួយ នឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការថែរក្សាសុខសន្តិភាពនេះ អោយបានគង់វង្ស ទោះជាតម្លៃណាក៏ដោយ ដើម្បីបន្តកសាងប្រទេសជាតិមាតុភូមិរបស់យើង អោយបានរុងរឿងថែមទៀត ។ ហើយនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដូច្នេះសូមបងប្អូនលោកយាយលោកតាទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់គ្នា យើងមានតួនាទី មានភារកិច្ចជាពលរដ្ឋខ្មែរ ត្រូវតែទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ព្រោះជាភារកិច្ចរបស់យើង ដើម្បីជ្រើសរើសគណបក្សណាដែលយើងឃើញថា ដឹកនាំប្រទេសបានជោគជ័យ ហើយបើចង់ឃើញផ្លូវពីបាត់ដំបងទៅសៀមរាប សូមអញ្ជើញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕

ដោយ ៖ សាលី