Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ស្នើសុំឱ្យកម្មករ កម្មការិនី បញ្ឈប់ការចោលសម្រាម ដើម្បីលើកម្ពស់មុខមាត់ខេត្តស៊ីវិល័យ

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឱ្យកម្មករ កម្មការិនី បញ្ឈប់ការចោលសម្រាមពាសវាលពាសកាលដើម្បី ជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យ ។

ការណ៍នេះ ធ្វើឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងជំនួបសាកសួរសុខទុក្ខ និងចែកម្សៅទឹកដោះគោ ដល់ស្រ្តីជាកម្មការិនីរោងចក្រ ស៊ីគ្លូ ដែលទើបសម្រាលកូនរួច ។

លោក វ៉ី សំណាង បានលើកឡើងថា ខេត្តកំពង់ស្ពឺ ត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះ បានរងការរិះគន់អស់ជាច្រើនឆ្នាំថា ជាខេត្តក្រីក្រ គ្មានទ្រព្យធន ។ តែដោយសក្តានុពលនៃខេត្ត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគទុន បានដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ ហើយផ្តល់ឱការងារដល់កូនក្មួយប្រមាណជាង១៥ម៉ឺននាក់ ។ ហើយតាមរយៈឱកាសការងារនេះ ដែរ បានធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់កូនក្មួយ មានភាពប្រសើរឡើងជាលំដាប់ មិនតែប៉ុណ្ណោះទៀតសោតដីធ្លីរបស់បងប្អូន កូនក្មួយក៏មានតំលៃផងដែរ ។

ជាមួយនិងការលើកឡើងនេះដែរ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក៏បានស្នើសុំឱ្យបងប្អូនបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខមាត់និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលគេមកលេងរមណីយដ្ឋានដ៏សំបូរបែប ក្នុងខេត្តយើង ។ មួយទៀតខេត្តកំពង់ស្ពឺ ក៏ទើបនិងទទួលបានរំដួលពីរទងជាទីក្រុងស្អាតផងដែរ ។ បើម្នាក់ចោលសម្រាម ឬថង់មួយ នៅទីសាធារណៈ ចុះកម្មករ កម្មការិនីជាង១៥ម៉ឺននាក់ តើសម្រាមនិងកើងឡើងកម្រឹតណាក្នុងមួយថ្ងៃ យើងកុំពឹងផ្អែកលើតែអ្នកបោសឬប្រមូលសម្រាម យើងគួរនាំគ្នាចូលរួមគិតគូលើបញ្ហានេះទាំងអស់គ្នា ដើម្បីលើកកម្ពស់មុខមាត់ខេត្តយើង ព្រោះថា បញ្ហាសម្រាមមិនមែនជាកាតព្វកិច្ចនរណាម្នាក់នោះទេ និយាយរួម គឺ ផ្តើមចេញពីយើងទាំងអស់គ្នា ៕

ដោយ ៖ ប៊ុត សារុន