
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី កាប់ជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ ចំនួន០២នាក់ ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន និងឈ្មោះLIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ក្នុងករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបានបញ្ជាកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន ៖ ១.ឈ្មោះ Soraprach Kiryapong ភេទប្រុស ជនជាតិថៃ, ២.ឈ្មោះ Supphachai Setteemut ភេទប្រុស ជនជាតិថៃ។ ៣.ឈ្មោះ MONSAK AIMYOO (ហៅសៀ) ភេទប្រុស ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសាកសួរ ។
ក្រោយឃាត់ខ្លួននិងសួរនាំ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះជាជនជាតិចិនខាងលើ ពិតប្រាកដមែន ។
យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង (កាំបិត1ដើម) ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ៕