Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តដល់តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធនានាក្នុងខេត្តកំពង់ស្ពឺឱ្យចូលរួមក្នុងជីវភាពជាសមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺក្នុងអាណត្តិថ្មី

កំពង់ស្ពឺ៖ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មនិងជាអនុប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោត សភា ពាណិជ្ជកម្ម កម្ពុជារាជធានី-ខេត្ត សម្រាប់អាណត្តិថ្មីនិងអាណត្តិបន្ត បានថ្លែងលើកទឹកចិត្តដល់តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធនានាក្នុងខេត្តកំពង់ស្ពឺឱ្យចូលរួមក្នុងជីវភាពជាសមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងនាឱកាសរៀបចំបើកការិយាល័យចុះឈ្មោះនិងចាប់លេខរៀងសម្រាប់បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ ដែលប្រពឹ្រត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។

លោកអនុរដ្ឋលេខាធិការ បានធ្វើការណែនាំពីលក្ខខណ្ឌដល់ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានបំណងចុះឈ្មោះ ឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សម្រាប់អាណត្តិទី៣ លើកទី១ និងវិធីសាស្ត្រនៃការឃោសនារកការគាំទ្រ។ជាមួយនិងការឃោសនារកសម្លេងគាំទ្រនោះដែរឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមថា មានពាក្យ៥មាត់ដែលបេក្ខជនឈរឈ្មោះត្រូវធ្វើនិងមិនត្រូវធ្វើពេលឃោសនារកសម្លេងឆ្នោតគាំទ្រ ក្នុងនោះគឺ៤កុំនិងមួយធ្វើ។៤កុំគឺកុំដើម្បីតែប្រជាប្រិយភាពខ្លួនឯង បន្តុះបង្អាប់ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរអ្នកដទៃ កុំឃោសនាហែរជាក្បួន កុំចែកឯកសារនៅថ្ងៃបោះឆ្នោត និងកុំបោះឆ្នោតស្ទាបស្ទង់ជាសាធារណៈ។ចំណែកមួយធ្វើគឺត្រូវធ្វើឱ្យបានតាមប្រតិទិនដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានអនុម័តថ្ងៃបោះឆ្នោតគឺសុំឱ្យអ្នកគាំទ្រមកបោះឆ្នោតបានគ្រប់ៗគ្នានិងទាន់ពេលវេលា។

ទន្ទឹមនិងនោះលោកអនុរដ្ឋលេខាធិការ បានស្នើឱ្យពាណិជ្ជករ អាជីវករ សេវាករចូលរួមឱ្យបានផុសផុលនៅក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត ក្នុងអាណត្តិទី៣ លើកទី១ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលមានសមត្ថភាពសម្រាប់បន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕