Connect with us

ព័ត៌មានជាតិ

មន្ត្រីសាខាកាកបាទក្រហម បន្តចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់បរិយាបន្នក្នុងសហគមន៍ និងបានបញ្រ្ជាបការងារសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្រ្តីប្រតិបត្តិសាខា សហកាជាមួយក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្មគ្រ័ចិត្តភូមិ បានបន្តចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់បរិយាបន្នក្នុងសហគមន៍ និងបានបញ្រ្ជាបការងារសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋចំនួន ៤៣នាក់ ស្រី២៣នាក់ នៅក្នុងមូលដ្ឋានភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

ថ្លែងក្នុងឱកាសផ្សព្វផ្សាយនោះដែរ លោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកការងារយុវជន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។

លោកនាយករងសាខាបានបន្តថា ការចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងសហគមន៍ និងបានបញ្រ្ជាបការងារសុវត្ថិភាពចរាចរណ៍ដល់បងប្អូននាពេលនោះផងដែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិជនពិការចូលរួមក្នុងការងារសង្គម យល់ពីគោលគំនិតជាមូលដ្ឋាននៃពិការភាព និងការធ្វើបរិយាបន្ន របៀបទំនាក់ទំនងជាមួយជនមានពិការភាព ដែលមានប្រភេទផ្សេងៗគ្នាដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អោយយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។

ក្នុងឱកាសនោះ លោក ហាន់ សន មេភូមិកន្ទួត ក៏បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានផ្តល់ការផ្សព្វផ្សាយនាពេលនេះ លោកបានប្តេជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ ។