Connect with us

ព័ត៌មានជាតិ

សាខាពន្ធដារខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធនជនអ្នកជាប់ពន្ធ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងលើពន្ធចំណេញមូលធន ជនអ្នកជាប់ពន្ធ និងសាធារណៈជន ដែលធ្វើឡើងក្រោមវត្តមានលោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, ក្រុង, ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អភិបាលក្រុង មន្ត្រី ពន្ធដារខេត្ត, ចៅសង្កាត់,ស្មៀនសង្កាត់ និងអាជីវករសរុប ១៤៦នាក់។

ឋិតក្នុងឱកាសនោះ លោក ហេង ជំនិត ក៏បានឡើងធ្វើបទបង្ហាញ ពន្យល់ និងបកស្រាយជូនអង្គសិក្ខាសាលាបានស្តាប់ ដើម្បីយល់ច្បាស់ពីច្បាប់ពន្ធដារ និងការតព្វកិច្ចរបស់អ្នកជាប់ពន្ធ ក្នុងនោះស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងលើពន្ធចំណេញមូលធនផង ដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ អ្នកជាប់ពន្ធទាំងពីរប្រភេទ បានស្តាប់ និងយល់ច្បាស់ពីការតព្វកិច្ចរបស់ខ្លួន និងកាន់តែងាយយល់ជាងមុនដល់ពួកគាត់។

បន្ថែមពីនេះ លោក ផេង សិទ្ធី អភិបាលរងខេត្ត ក៏បានឡើងសម្ដែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ លោក-លោកស្រីទាំងអស់ ដែលបានចូលរួមក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ពន្ធប្រថាប់ត្រាចំពោះការផ្ទេរ កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន ដើម្បីផ្សព្វផ្សាយដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសអង្គភាពដែលមានសមត្ថកិច្ចក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ វិស័យឯកជន តាមនិតិវិធីជាធរមាន តាំងពីដើមរហូតដល់ចប់កម្មវិធី ។

លោកអភិបាលរងខេត្តបន្តថា កិច្ចការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន គឺពិតជាបានរួមចំណែកក្នុងការប្រមូលចំណូលជូនជាតិ និងធ្វើឲ្យមានកំណើនថវិកាជាតិ សម្រាប់ជាមូលដ្ឋាន ក្នុងការវិភាជន៍ថវិកាចរន្ត និងការវិនិយោគ ការអភិវឌ្ឍន៍ផងដែរ ដូច្នេះហើយយើងអាចធ្វើការកត់សម្គាល់បានថា អង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងសំដៅជំរុញឲ្យមានការគាំទ្រ និងពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងអាជ្ញាធរមូលដ្ឋានជាមួយសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដើម្បីបង្កើនការប្រមូលពន្ធជូនរដ្ឋ ឲ្យឆ្លើយតបតាមផែនការដែលបានគ្រោងទុក និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។

លោកអភិបាលរងបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៩-២០១៣ ដែលយុទ្ធសាស្ត្រនេះ បានជម្រុញការប្រមូលពន្ឋដោយមិនបង្កើតប្រភេទពន្ឋថ្មី មិនតម្លើងអត្រាពន្ធ និងយកពន្ធឲ្យអស់លទ្ធភាព ក្នុងន័យនេះតាមការអនុវត្តប្រមូលពន្ធប្រថាប់ត្រាកន្លងមក ចំពោះលទ្ធផលនៃកិច្ចប្រឹងប្រែង ដែលបានមកពីកិច្ចសហការពីអង្គភាពជំនាញ និងអង្គភាពប្រតិបត្តិករ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដែលបានធ្វើឲ្យចំណូលពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានការ កើនឡើងគួរឲ្យគត់សំគាល់ សម្រាប់ជាប្រយោជន៍ដល់ខេត្ត និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន នៃខេត្តបាត់ដំបង ដែលយើងអាចវាយតម្លៃបានពីការកើនឡើងនូវតម្លៃសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

ជាមួយនឹងលទ្ធផលនេះ យើងក៏ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើចំណុចដែលមានការខ្វះចន្លោះ ក្នុងនេះរួមមានភាពមិនស៊ីចង្វាក់គ្នារវាងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។