Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី ឲ្យអង្គភាពច្រកចេញចូលតែ១ ពិនិត្យឡើងវិញលើសេវារដ្ឋបាល ជូនពលរដ្ឋ ព្រោះនៅមានការយឺតយ៉ាវខ្លាំង

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឲ្យអង្គភាពច្រកចេញចូលតែ១ ធ្វើការពិនិត្យឡើងវិញ លើការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះនៅមានការយឺតយ៉ាវខ្លាំង ខុសពីថេរៈវេលាដែលរដ្ឋបានកំណត់ ។

ការណ៍នេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើទិសដៅបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបានក្នុងរយៈពេល១ឆ្នាំពេញ ឆ្នាំ២០២៣ ។ ដែលលទ្ធផលទាំងនេះ គឺ កើតចេញពីការខិតខំប្រឹងប្រែងរបស់គ្រប់បណ្តាមន្ទីរ អង្គភាពនានា ក្នុងខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់បណ្តាមន្ទីរ អង្គភាព ចំណុះឲ្យខេត្តបន្ទាយមានជ័យ សូមជួយសម្របសម្រួលការងារតាមជំនាញ ឲ្យមានភាពល្អប្រសើរ និងដំណើរការរលូន កុំធ្វើអ្វីចាំតែថ្នាក់លើ ព្រោះវាអាចបណ្តាលឲ្យមានការរាំងស្ទះ ក្នុងដំណើរការការងារ ។

ក្នុងពិធីបើកសន្និបាតនេះផងដែរ ក៏មានការបំពាក់គ្រឿងឥស្សរិយយស និងផ្តល់នូវប័ណ្ណសរសើរ ចំពោះមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលមានស្នាដៃល្អ ក្នុងការបំពេញភារៈកិច្ចជូនជាតិមាតុភូមិ ក្នុងឆ្នាំ២០២២ ៕