Connect with us

ព័ត៌មានជាតិ

ការប្រណាំង រទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ បានទាញចំណាប់អារម្មណ៍ មនុស្សរាប់រយនាក់មកទស្សនា

កំពង់ស្ពឺ ៖ មានមនុស្សប្រុស ស្រី ចាស់ក្មេង រាប់រយនាក់បានមកទស្សនា ការប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បះ  សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងសមាគមន៍ចិញ្ចឹមគោ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣  លើទីលានមួយកន្លែង ទល់មុខការ៉ាស់សាំង PTT ក្នុងក្រុងច្បារមន ។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះ ជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោដែលចូលចិត្តពិធីនេះ មកពីបណ្តាខេត្តផ្សេងៗ ចូលរួម ។ ហើយពិធីនេះតែងធ្វើនៅមុនឱកាសសង្ក្រាន្តឆ្នាំថ្មី ចូលមកដល់គឺថ្ងៃទី២ នៃខែមេសា ។

ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត បានបន្ថែមថាការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនជារៀងរាល់ឆ្នាំ គឺ ដើម្បីផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺ ដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលមានតាំងពីដូនតារៀងមក ។ ហើយសម្រាប់ឆ្នាំនេះ គឺ មានរទេះគោមកពីតាមបណ្តាខេត្តចំនួន៣៩នឹម បានចូលរួមប្រកួត ។

លើកឡើងនៅក្នុងពិធីប្រណាំងនោះលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការរៀបចំប្រណាំងរទេះសាឡីគោលឿននេះ គឺជា ផ្នែកមួយនៃការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្ត ដែលខេត្តនេះតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីចូលរួមថែរក្សា និងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរ និងសត្វគោដែលជាសត្វពាហនៈដ៏ចម្បង ក្នុងវិស័យកសិកម្ម ។ បច្ចុប្បន្នថ្វីត្បិតកសិករមួយភាគធំ បានងាក់ទៅប្រើប្រាស់គ្រឿងចក្រជំនួសឱ្យសត្វគោ ក្នុងវិស័យកសិកម្មក្តី ក៏នៅមានពលរដ្ឋខ្មែរខ្លះ នៅតែពេញនិយមចិញ្ចឹមគោដើម្បីជាប្រយោជន៍ផ្សេងៗ ។​ ពិធីប្រណាំងរទេះសាឡីគោលឿនព្រឹកនេះ ពិតជាបានបង្ហាញឱ្យឃើញនូវលក្ខណៈជឿនលឿន និងលក្ខណៈដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបន្តរក្សាយ៉ាងគង់វង្ស និងស្ថិតស្ថេរបំផុតនូវទំនៀមទម្លាប់ ប្រពៃណីពីបុរមបុរាណនៃយើង ។ ថ្វីត្បិតថ្ងៃក្តៅបន្តិច តែបងប្អូនអ្នកទស្សនារីករាយក្នុងការទទួលយកទស្សនីយភាពនេះ ដោយសម្លេងស្រែកហូរសប្បាយយ៉ាងកងរំពង ។

អ្នកចូលរួមទស្សនាកម្មវិធីប្រណាំងនេះ បាននិយាយថា ពួកគាត់ពិតជាមានការសប្បាយរីករាយណាស់ ទោះបីការឈរមើលស្ថិតក្រោមមេឃមានកម្តៅក្តៅបន្តិច ប៉ុន្តែពួកយើងពេញចិត្ត គាំទ្រនិងសុំឱ្យរដ្ឋបាលខេត្តពិសេសមន្ទីរវប្បធម៌និងសិល្បះ សហភាពសហពន្ធ័យុវជនកម្ពុជា(សសយក)ខេត្តបន្តការប្រារព្ធពិធីនេះឱ្យបានរាល់ឆ្នាំ ៕

ដោយ ៖ ប៊ុត សារុន