ក្នុងរយៈពេល២ថ្ងៃ ខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ជាង៣០មុីននាក់ មកកំសាន្ត
បន្ទាយមានជ័យ ៖ ចូលឆ្នាំខ្មែរ ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ មានជនបរទេសថៃ ចិន ឥណ្ឌូនេសុីដើរលេងកំសាន្ត ជាមួយប្រជាពលេរដ្ឋកម្ពុជា រយៈពេលពីរថ្ងៃ សរុបជាង៣០មុីននាក់ លើគោលដៅទេសចរណ៍ចំនួន៦ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះថា សម្រាប់ខេត្តបន្ទាយមានជ័យ រយៈពេលពីរថ្ងៃ នៃពិធីចូលឆ្នាំខ្មែរ ភ្ញៀវទេសចរធ្វើដំណើរកំសាន្តសរុប៣២៩.០៩១នាក់ ក្នុងនោះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សរុបមានចំនួន១០៨.៥១៤ នាក់ ភ្ញៀវជាតិមានចំនួន ១០៨.១៨៤នាក់ ភ្ញៀវបរទេសចំនួន៣៣០នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត) ។ ថ្ងៃថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សរុបមានចំនួន ២២០.៥៧៧នាក់ ភ្ញៀវជាតិមានចំនួន ២២០.០៤២នាក់ ភ្ញៀវបរទេសចំនួន ៥៣៥នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត) ។
លោកបានឲ្យដឹងទៀតថា គោលដៅសំខាន់ៗ ដែលភ្ញៀវដើរកំសាន្តរួមមាន ៖ សួនមានជ័យ-ប្រាសាទបន្ទាយឆ្មារ, ផ្លូវដើមពុទ្ទ្រា ប៉ោយប៉ែត-វត្តផ្សារកណ្តាល ប៉ោយប៉ែតនិងផ្លូវដើមពុទ្រានៃតំបន់កាសុីណូប៉ោយប៉ែត-វត្តភ្នំតូច ។ ភ្ញៀវទេសចរណ៍មានការកើនឡើង បើប្រៀបធៀបទៅឱកាសខូលឆ្នាំខ្មែរ ឆ្នាំ២០២២ ជាពិសេសអ្វីដែលកត់សំគាល់ គឺ មានភ្ញៀវទេសចរណ៍អន្តរជាតិចូលលេងកំសាន្តដែរ ៕