Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ ហ៊ុន ម៉ាណែត ៖ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការជួយដល់ប្រទេសកម្ពុជា ក្នុងនោះការដោះមីន និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិមានការរីកចម្រើន

បាត់ដំបង៖ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការជួយដល់ប្រទេសកម្ពុជា ក្នុងនោះការដោះដោះមីន និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិមានការរីកចម្រើន ។
ការលើកឡើងរបស់​ ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពេលដែលលោក មានវត្តមានក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្ម ការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី១ និងការបើកគម្រោងថ្មី ដំណាក់កាលទី២ ក្រោមការគាំទ្រហិរញ្ញប្បទានឥតសំណងដោយរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាជិកនៃអង្គពិធីជាច្រើនទៀត ។

ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត បានចាត់ទុកថា នេះជាសក្ខីភាពថ្មីមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានសារៈសំខាន់សម្រាប់វិស័យមីនជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពស៊ីម៉ាក់បន្ថែមលើអ្វីដែលរដ្ឋាភិបាល ជប៉ុនធ្លាប់បានផ្តល់ជំនួយគាំទ្រកន្លងមក ។ សម្រាប់សមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន ។

ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានជួយកសាងសមិទ្ធផលជាច្រើនជូនដល់ប្រទេសកម្ពុជា ដែលបានដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ បានល្អ និងទទួលបានជោគជ័យ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ និងសម្លាប់ឃាតករលាក់មុខចេញពីក្នុងដី និងបានប្រែក្លាយតំបន់ដែលធ្លាប់តែមានគ្រាប់មីន មកជាផ្ទៃដីដាំដំណាំគ្រប់ប្រភេទ ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើង ។

ឯកឧត្តម​ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC បានបញ្ជាក់ថា ជំហានទី១នេះ អង្គភាពកំចាត់មីនកម្ពុជា បានរំដោះផ្ទៃដីចម្ការមីនបាន២១.៤៣២ហ.ត កម្ទេចគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន១២៤.១៣៣ គ្រាប់ ។ ឆ្លើយតបបាន៥.១៥៣សំណើរពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍សាងសង់ផ្លូវជនបទចំនួន ៣២ខ្សែ ប្រវែងសរុបជាង១១៥ រួមជាមួយសំណង់បង្ហូរទឹក ស្រះទឹកសហគមន៍ ស្ពានបេតុងផ្សាសហគមន៍ និងជួយរៀបចំដីកសិកម្មជូនប្រជាពលរដ្ឋបានចំនួន ៤៩៤ហិកតា ។ ដោយឡែកសម្រាប់គម្រោងថ្មីដំណាក់កាលទី២ ដែលតាមផែនការប្រតិបត្តិការមានរយៈពេល៤ឆ្នាំ (២០២២-២០២៥) គឺត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង៩.៤៥៤ហិកតាក្នុងខេត្តបាត់ដំបង និងអនុវត្តកម្រិតតអន្តរាគមន៍ខេត្តពោធិ៍សាត់ ដោយផ្តោតសំខាន់លើការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ មានផ្លូវ ការហ្វឹកហ្វឺនជំនាញកសិកម្មជាដើម ។ គម្រោងនេះក៏មានការទិញគ្រឿងចក្រវាយកម្ទេចមីននិងគ្រឿងបន្លាស់ ព្រមទាំង សម្ភារប្រតិបត្តិការមួយចំនួនទៀតផងដែរ។ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ គម្រោងនេះបានទទួលការ គាំទ្រជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនមានទឹកប្រាក់សរុបចំនួន ២.០០០ លានយ៉េន ស្មើនឹងប្រមាណ១៨,៤លានដុល្លារអាមេរិក និងថវិកាបដិភាគរាជរដ្ឋាភិបាលចំនួន១.៣៦២.៦០៧ដុល្លារ ៕