Connect with us

ព័ត៌មានជាតិ

អភិបាលរងក្រុងសំរោង៖ ដើម្បីរួមចំណែក​ធ្វើ​ឲ្យទីក្រុងស្អាត​ត្រូវ​ផ្តើម​ចេញ​ពី​យើង​ទាំង​អស់គ្នា

ឧត្តរមានជ័យ៖ លោក លី រដ្ឋា អភិបាលរងក្រុងសំរោង បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុងសំរោងរបស់យើង គឺជាទីក្រុងមួយដែលមានប្រកួតប្រជែងយកជ័យលាភីទីក្រុងស្អាត ជាមួយនឹងបណ្តាខេត្តផ្សេងៗ។ដូច្នេះ ដើម្បីឲ្យទីក្រុងយើងទទួលបានចំណាត់ថ្នាក់ផ្ការំដួល៣ទង នៅថ្ងៃខាងមុខបន្តទៀតនោះ គប្បីយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថាន ឲ្យបានស្អាត និងមានភាពល្អប្រសើរឡើង ស្របនឹងកិត្តិនាមឈ្មោះទីក្រុងស្អាតផ្ការំដួល២ទង។

ថ្លែងក្នុងពិធីសម្អាតក្រុងយើងក្រោមប្រធានបទ«ដើម្បីទីក្រុងស្អាត សុខភាពយើងល្អ ទេសចរ​មាន​កំណើន ​កើនជីវភាព​គ្រួសារ​យើង​ទាំង​អស់គ្នា» ​ដែល​ប្រព្រឹត្តិ​ទៅ​នៅបរិវេណសួនច្បារបឹងស្នោរ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែមករាឆ្នាំ២០២២នេះ។

លោក លី រដ្ឋា បានបន្ដទៀតថា ក្រុងសំរោង គឺជាក្រុងមួយដែលមានបរិស្ថាន នឹង​សោភ័ណភាព​ល្អ​មានទីធ្លាសួនច្បារធំទូលាយជាទីក្រុង ដែលជាប់ចំណាត់ថ្នាក់លំដាប់ផ្ការំដួល២ទង ហើយ ដើម្បី​ធ្វើឲ្យទីក្រុងនេះ ទទួលបានចំណាត់ថ្នាក់ល្អបន្ថែមទៀត​នូវផ្ការំដួល៣ទងនោះ គប្បី​យើងត្រូវ​ផ្តើម​ចេញ​ពីខ្លួនយើងទាំងអស់គ្នាដោយម្នាក់ៗ ត្រូវនាំ​គ្នាចូលរួមថែ​រក្សា​សំអាត​អនាម័យ​នៅតាម​ទី​សាធារណៈ​ឲ្យបានគ្រប់ៗគ្នា មិនត្រូវមានការចោល​ សំរាម​ពាសវាលពាសកាល​នោះឡើយ​គឺត្រូវ​ទុកដាក់សំម្រាមឲ្យបានល្អទៅតាមទីតាំងរបស់បងប្អូនរស់នៅ។

លោក បានបញ្ជាក់ថា ការដែលបងប្អូនមានការយល់ដឹងពីបញ្ហាអនាម័យ ​ទាំងអស់គ្នានោះ​ហើយ គឺវានាំ​ឲ្យទីក្រុងយើងស្អាត​ នឹង​មាន​បរិស្ថាន​សោភ័ណភាពល្អ​សាកសម​ជាទីក្រុងដែលទទួលបាន​ចំណាត់ថ្នាក់​ល្អផ្ការដួល២ទង ក្នុងខេត្តផងដែរ៕