យកម៉ូទ័រចាប់អាគុយ បូមសាំងរថយន្ត កំពុងជួសជុល បណ្ដាលឲ្យបែកផ្កាភ្លើងឆាបឆេះ ទាំងរថយន្តនិងមនុស្ស
បាត់ដំបង ៖ រថយន្ត០២គ្រឿង និងម៉ូតូ០១គ្រឿងរងការខូចខាត ចំណែកមនុស្ស០២នាក់ រងរបួសរលាកពេញខ្លួន ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចការ៉ាសឡានមួយកន្លែង ស្ថិតក្នុងភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ សំ កក្តដា ភេទប្រុស អាយុ៣៥ឆ្នាំ ។
សមត្ថកិច្ច បានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះ បណ្តាលមកពីកូនជាងម្នាក់ យកម៉ូទ័រប្រើប្រាស់អាគុយដើម្បីបូមសាំង ចេញពីរេស៊ឺវ៉ឺរថយន្តដែលកំពុងជួសជុល ភ្លាមនោះ ក៏បង្កឲ្យបែកជាផ្កាភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយខូចខាតរថយន្តចំនួន២គ្រឿង ដែល១គ្រឿងម៉ាក NISSAN FRONTIER ពាក់ផ្លាកលេខភ្នំពេញ2W. 8795(ខូចប្រហែល៥០%) និង១គ្រឿងទៀងម៉ាកKIA VISTO ពាក់ផ្លាកលេខបាត់ដំបង2A. 8422(ខូចប្រហែល៥០%) ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពាក់ផ្លាកលេខកណ្ដាល 1E.1807 (ខូចខាត១០០%) និងមនុស្សប្រុសពីរនាក់ រងរបួសស្រាល និងមធ្យមផងដែរ ។
ជាមួយហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានមកដល់កន្លែងកើតហេតុ តែមិនបានបាញ់ទឹកពន្លត់នោះទេ ដោយសារមានរថយន្តបាញ់ទឹកធ្វើផ្លូវជាតិលេខ៥ របស់ក្រុមហ៊ុន( នឹម ម៉េង) បានជួយបាញ់ពន្លត់រលត់ទាំងស្រុងទៅហើយ ៕
ដោយ ៖ សាលី