Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងការពារព្រំដែន ក្នុងស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប៉ៃលិន ៖នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនទៀត បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយនឹងកងកម្លាំងរួមមាន កងពលតូចថ្មើជើងលេខ៥២ នៃស្រុកសំឡូត វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០នៃស្រុកសំឡូត កងការពារព្រំដែនលេខ៥០២ នៃស្រុកសំឡូត វិរៈសេនាតូច នគរបាលការពារព្រំដែនលេខ៨២៣នៃស្រុកសំឡូតកងពលតូចថ្មើរជើងលេខ៥៣ នៃស្រុកកំរៀង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម ។

ឯកឧត្តមបានស្នើដល់កងកម្លាំងការពារព្រំដែនទាំងអស់ បន្តគោរពតាមបទបញ្ជាដែលថ្នាក់លើបានដាក់មក បន្តពង្រឹងសាមគ្គីភាពគ្នានៅក្នុងអង្គភាពរបស់ខ្លួន និងជាពិសេសបន្តហ្វឹកហាត់សមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរជាលំដាប់ និងជាពិសេសត្រូវខិតខំប្រឹងប្រែងបម្រើការពារប្រជាពលរដ្ឋ ព្រោះភារកិច្ចរបស់យើងគឺបម្រើការពារប្រជាពលរដ្ឋ មិនមែនមកបន្ថែមបន្ទុបលើពួកគាត់ឡើយ និងបន្តក្នុងការការពារព្រំដែនឲ្យបានគង់វង្ស និងរក្សាឲ្យបាននូវទឹកដីនេះ ដោយមិនត្រូវឲ្យប្រទេសណាឈ្លានពានបានឡើយ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា ភេសជ្ជៈចំនួន៣០កេស ទឹកសុទ្ធ៥០កេស នំអន្សមជ្រូក១ស្លឹក សាច់ជ្រូកស្រស់ ៦០គីឡូក្រាម បន្លែស្រស់៥០គីឡូក្រាម ម៉ាស់២០ប្រអប់ អាកុល៦០លីត្រ និងថវិកា៦លានរៀល ជូនដល់កងកម្លាំងខាងលើ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕