Connect with us

ព័ត៌មានកីឡា

កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាស៖ ប្រជាជនខ្មែរសាមគ្គីគ្នាជាធ្លុងមួយចូលរួមជួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី បានសរសេរលើហ្វេសប៊ុ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជា អ្នកនាងបានឃើញ ប្រជាជនខ្មែរស្រុះស្រួលមួលមីសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមជួយក្នុងព្រឹត្តិការណ៍ ក្រោមម្លប់សន្ដិភាពរបស់កម្ពុជា។

ភាវី បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ថ្នាក់ដឹកនាំមាន​ភាពវៃឆ្លាត​ក្នុងការគ្រប់គ្រង និងចាត់តាំងអ្នកមុខ អ្នកការ គ្រប់ជំនាញដើម្បីបំពេញភារកិច្ចរបស់ខ្លួន​ក្នុងព្រឹត្តិការណ៍។ ហើយគ្រប់បណ្ដាផលិតកម្មធំៗ បាននិពន្ធ តាក់តែង និងច្រៀងចម្រៀងដែលជា​អត្ថន័យដាស់ព្រលឹងខ្មែរឱ្យភ្ញាក់ឡើងវិញ។

ភវី បានបញ្ជាក់ថា កំពូលៗសិល្បករ សិល្បការិនី ទាំងអស់សុទ្ធតែ បន្លឺនូវសូរសៀងរបស់ខ្លួនថា ខ្មែរអើយកុំភ្លេចសាវតារ ខ្មែរអើយយើងធ្លាប់ជាមហានគរ ខ្មែរអើយរួបរួមគ្នា។​ ចំណែក កីឡាករ កីឡាការិនី យើងគ្រប់ប្រភេទទាំងអស់ សុទ្ធតែមានសមត្ថភាព គ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ជាមួយបរទេស។

កីឡាការិនី ភាវី ក៏បានមើលឃើញពីសន្ទុះនៃការគាំទ្រវិស័យកីឡារបស់ប្រជាជនខ្មែរ​លើសលប់​ដោយនឹកស្មានមិនដល់ រួមនឹងភាពអស្ចារ្យជាច្រើនទៀត។

ភាវី បញ្ជាកថា៖«នេះសបញ្ជាក់ឱ្យឃើញថា ក្រោមម្លប់សន្តិភាព យើងធ្វើអ្វីៗបានគ្រប់យ៉ាង ហើយ​ទទួល​បានផ្លែផ្កាគួរជាទីមោទនភាព។ សូមថ្វាយការគោរពចំពោះព្រះមហាក្សត្រ សូមគោរព​ថ្នាក់ដឹកនាំ ​សូមគោរពប្រជាជនខ្មែរ​ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដ៏មហាអស្ចារ្យ និង​ជាប្រវត្តិសាស្ត្ររបស់កម្ពុជា»