Connect with us

ព័ត៌មានអន្តរជាតិ

ការគាំទ្រលោក Biden មានអត្រា ៤០% ខណៈពលរដ្ឋអាមេរិក បារម្ភអំពីជនអន្តោប្រវេសន៍

ការស្ទង់មតិថ្មីរបស់បណ្ដាញសារព័ត៌មាន Reuters/Ipsos បានបង្ហាញថា ការគាំទ្រជាសាធារណៈ​ចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ស្ថិតក្នុងអត្រា ៤០% ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលធ្លាក់ជិតដល់កម្រិតទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដោយប្រជាជន​អាមេរិកមិនសប្បាយចិត្ត ចំពោះចំណាត់ការរបស់លោកក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងអតិផរណា។

ការស្ទង់មតិរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ បានបង្ហាញនូវការកើនឡើងតិចតួច​នៃប្រជាប្រិយភាពរបស់លោក Biden កាលពីខែមុន នៅពេលដែលអ្នកឆ្លើយតបចំនួន ៣៩% បាននិយាយថា​ ពួកគេបានព្រមទទួលយកការបំពេញតួនាទីជាប្រធានាធិបតីនេះ។ ការស្ទង់មតិមានកម្រិតល្អៀងចំនួន ៣%

បញ្ហាសេដ្ឋកិច្ចនៅតែជាក្តីបារម្ភចម្បងរបស់អ្នកឆ្លើយតប ចំពេលមានអត្រាអតិផរណាហក់ឡើងខ្ពស់ និងសម្ពាធរបស់ធនាគារកណ្តាល ដើម្បីទប់ទល់នឹងតម្លៃ តាមរយៈការដំឡើងអត្រាការប្រាក់ ដែលបានធ្វើឲ្យកម្ចីទិញផ្ទះ និងរថយន្តកាន់តែឡើងថ្លៃខ្ពស់។

ការស្ទង់មតិរបស់ Reuters/Ipsos បានរកឃើញថា ចំនួន ៥៤% នៃអ្នកឆ្លើយតប ដោយក្នុងនោះរួមទាំង​ចំនួន ៧៧% នៃគណបក្សសាធារណរដ្ឋ និង ៣៤% នៃគណបក្សប្រជាធិបតេយ្យផង បានប្រឆាំង​នឹងចំនួនកើនឡើងនៃជនអន្តោប្រវេសន៍ដែលត្រូវបានអនុញ្ញាតឲ្យចូលប្រទេសជារៀងរាល់ឆ្នាំ ហើយមានតែចំនួន ២៦% ប៉ុណ្ណោះដែលនិយាយថា​ ពួកគេបានយល់ព្រមលើការដោះស្រាយ ចំពោះជនអន្តោប្រវេសន៍របស់លោក Biden