Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន ជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។

លោក ហ៊ុន ម៉ាណែត សូមអរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហា​គ្រួសារ​ដ៏ធំមួយជាមួយនឹងវត្តមានរបស់លោកគ្រូអ្នកគ្រូ ជាសមាជិកគណបក្ស​ប្រជាជនកម្ពុជា ក្នុង​រាជធានីភ្នំពេញ​ប្រមាណ ៣.៥០០នាក់ ស្របពេលដែលប្រជាជនទូទាំងប្រទេសកំពុង​ត្រៀមខ្លួន​អបអរ​សាទរ​ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិខ្មែរ។

លោក បន្តថា រាល់ការជួបជុំទាំងអស់ ​យើងនៅបន្តអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​វិធាន​ការសុខាភិបាល ទោះបី​មកដល់ពេលនេះ ​យើងអាចជម្នះ ​និង​បញ្ចៀស​បាននូវ​សោដនាដកម្មទាំងផ្នែក​សុខភាពសាធារណៈ និងផ្នែកសង្គមសេដ្ឋកិច្ច ​រហូតមកដល់ការបើកដំណើរការប្រទេសឡើងវិញ​លើគ្រប់វិស័យ ដូច​ពេលបច្ចុប្បន្ននេះ​ហើយក៏ដោយ។

លោក បញ្ជាក់ថា ការកសាង និងអភិវឌ្ឍន៍​ប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ​ក្នុង​រយៈពេលជាង ៤០ ឆ្នាំមកនេះ ​គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់តួអង្គលោកគ្រូអ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ​ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឱ្យសិស្សម្នាក់ៗ​នូវ​ចំណេះដឹង គុណធម៌ ​សីលធម៌ ​និងសមត្ថភាពគ្រប់យ៉ាង។

លោក បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​ តែង​បាន​តម្រង់មុខព្រួញផ្តោតលើការកសាង​ធនធាន​មនុស្ស​ជាអាទិភាពខ្ពស់បំផុត​ ព្រោះមនុស្សជាកាតាលីករ​នៃកំណើន​ និងការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ​រួមទាំងទឹក ភ្លើង ផ្លូវ ជាដើម។ បម្រើឱ្យទស្សនវិស័យនេះ ​ក្រៅពីការខិតខំកសាង​សាលារៀននៅទូទាំង​ប្រទេស គឺកត្តាជីវភាព​របស់​គ្រូបង្រៀន​ តែងត្រូវបានគិតគូរយកចិត្តទុកដាក់ ​និងជំរុញលើកកម្ពស់ជាប់ជាប្រចាំ៕