Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសចាត់វិធានការលើកអ្នកប្រព្រឹត្តបទល្មើសនេសាទ នៅអាងត្រពាំងថ្ម

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសបានចាត់វិធានការ​លើករណីបទល្មើស​នេសាទ ដែលកំពុងកើតមាននៅអាងត្រពាំងថ្ម ស្ថិតនៅស្រុកភ្នំស្រុក ដោយបង្កើតក្រុមការងារ​ប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទប់ស្កាត់បទល្មើស និងមិនលើកលេងចំពោះអ្នក​ប្រព្រឹត្តល្មើស​នោះឡើយ។

ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពិសេសមួយរក ដំណោះស្រាយករណីនេសាទខុសច្បាប់ និងដាក់វិធានការការពារធនធានធម្មជាតិអាងត្រពាំងថ្ម កាលនាពេលថ្មីៗនេះ នៅចំណុចមាត់អាងត្រពាំងថ្ម នៃសំណង់ទ្វារទឹកទី១។

កិច្ចប្រជុំនេះ មានចូលរួមពីលោក ឃ្លោក នួយអភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់​ខេត្តចុះជួយស្រុកភ្នំស្រុក លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ,ប្រធានមន្ទីរបរិស្ថាន ,មន្ត្រីអង្គភាពពាក់ព័ន្ធ លោក ជូ បុត្រ ភិបាលស្រុកភ្នំស្រុក មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុក ឃុំ ភូមិ មន្ត្រីជំនាញ និងសហគមន៍នៃតំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំងថ្ម ។

ជាមួយគ្នានោះ ឯកឧត្តម អុំ រាត្រី បានបញ្ជាឱ្យអាជ្ញាធរ មានសមត្ថកិច្ចស៊ើបអង្កេតឡើងវិញ ករណីហិង្សារបង្កដោយក្រុមប្រជានេសាទល្មើសលើមន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ នៃតំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្មស្រុកភ្នំស្រុក ដែលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣កន្លងមក។ ឯកឧត្តម ក៏ណែនាំអោយអាជ្ញាធរថ្នាក់ស្រុក ឃុំ ភូមិសហការ​នឹងជំនាញ ​អ្នកពាក់ព័ន្ធបង្កើតសហគមន៍​នេសាទអាងត្រពាំងថ្មឡើងវិញ ។

កិច្ចប្រជុំដោះស្រាយកករណីនេសាទខុសច្បាប់ នៅក្នុងអាងត្រពាំងថ្មនេះ មក​ទល់ពេលនេះ​បរិមាណ​ប្រជានេសាទល្មើសច្បាប់ បានកើនឡើងទ្វេដង តាមរយៈការលួចនេសាទចូលក្នុងតំបន់​អភិរក្សពូជត្រីនៃ (ទំហំជាង៣០ហិកតា) ដែលកើតឡើង​ចន្លោះ​រំលង​អាធ្រាត្រ​ពីម៉ោង១ទៅ​ម៉ោង​៤ទៀបភ្លឺ ​ថែមទៀត ​ដោយឧបករណ៍ឆក់ (Invertor /battery) និងប្រើស្បៃអួនសរសៃ​ក្រឡា​ញឹក​យ៉ាងច្រើន ពេញបន្ទុកបង្កការព្រួយបារម្ភយ៉ាងខ្លាំង​ពី​មហន្តរាយ​ពូជ​មច្ឆជាតិ។

ដោយឡែកបើតាមមន្រ្តីខណ្ឌរដ្ឋបាលជលបទ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់​និងនេសាទ​ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា បទល្មើសឆក់ត្រីកើតមានច្រើនមែននៅអាងត្រពាំងថ្ម។ចំពោះអាងត្រពាំងថ្មនេះ មន្រ្តីជលផលមិនត្រូវបានអាជ្ញាធរស្រុកអនុញ្ញាតឱ្យអនុវត្តការងារនៅទីនោះទេ ដោយខាងស្រុក លើកឡើងថា មានខាងសហគមន៍​ នៃតំបន់ការពារធម្មជាតិទេសចរណ៍​អាងត្រពាំងថ្ម (គ្រប់គ្រងដោយជំនាញបរិស្ថាន)ហើយ៕