Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងអ្នកសារព័ត៌មានមុនចុះផ្សាយត្រូវសួរនាំ ជៀសវាងប៉ះពាល់ដល់សិទ្ធិ និងកិត្តិយស រហូតមានការប្តឹងចូលតុលាការ

បាត់ដំបង ៖ លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានថ្លែងថា អ្នកសារព័ត៌មានមុនចុះផ្សាយអ្វីមួយត្រូវស្វែងយល់ និងមានការសួរនាំជាមុនសិន ជៀសវាងផ្សព្វផ្សាយខុសប្រាសចាក ពេលខ្លះ អង្គភាពខ្លះ មន្ទីរខ្លះគេមិនយោគយល់ដល់អ្នកសារព័ត៌មានយើងទេ វាប៉ះពាល់ដល់សិទ្ធិ និងកិត្តិយស គេប្តឹងទៅតុលាការ ព្រះរាជអាជ្ញាកោះហៅយើងផងដែរ។

ការថ្លែងលើកឡើងរបស់លោកអភិបាលរងខេត្តបាត់ដំបងបែបនេះក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកជាច្រើននាក់នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងសាលប្រជុំសាលាខេត្តបាត់ដំបង។

លោកអភិបាលរងខេត្តដដែលបានបញ្ជាក់ថា រយៈពេលកន្លងមកលោកទទួលបានរូបភាព និងព័ត៌មានជាច្រើនពីបងប្អូនអ្នកសារព័ត៌មាន ដែលក្នុងនោះក៏មានព័ត៌មានខ្លះបានចុះផ្សាយដោយយករូបភាពចាស់ៗយូរឆ្នាំមកផ្សាយ វាស្មើនិងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ប៉ុន្តែក៏មានបងប្អូនមួយចំនួនបានធ្វើការដោយសហការបានល្អមានការសួរនាំមុនហើយលោកក៏ធ្វើការបកស្រាយ និងបានចុះទៅទប់ស្កាត់ទាន់ពេលវេលាទៅលើករណីខ្លះដូចជា មានការចាក់ដីលុបបឹង លុបព្រែកជាដើម។

ជាមួយគ្នានេះលោកក៏បានជម្រុញអោយអ្នកសារព័ត៌មានទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ឲ្យបានគ្រប់ដូសតាមគោលការរបស់ក្រសួងសុខាភិបាល បើអ្នកទើបចាក់វ៉ាក់សាំងលើកទី១ហើយមិនព្រមបន្តចាក់លើកទី២តាមការកំណត់របស់គ្រូពេទ្យចាត់ទុកជាអសាបង់ដោយគ្មានប្រសិទ្ធិភាពសម្រាប់ការពារមេរោគ និងអាចប្រឈមការឆ្លងអាចប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតក៏ថាបាន។

ហើយចំពោះអ្នកដែលបានចាក់ដូសលើកទី២និងលើកទី៣រួចហើយក៏ត្រូវបន្តចាក់លើកទី៣និងលើកទី៤ទៅតាមគោលការរបស់ក្រសួងផងដែរដោយលោកអះអាងថាសម្រាប់វ៉ាក់សាំងមិនមានការខ្វះខាតឡើយតាមរយះការខិតខំស្វះសែ្វងរកដោយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់គឺជាអ្នកធានានូវអាយុជីវិតរបស់ពលរដ្ឋទូទាំងប្រទេសផងដែរ។