Connect with us

ព័ត៌មានជាតិ

សត្វក្រពើ២៥ក្បាល ត្រូវបានយកទៅលែងក្នុងបឹងធម្មជាតិនៅខេត្តស្ទឹងត្រែង

សត្វក្រពើចំនួន២៥ក្បាល ដែលមានទម្ងន់ចាប់ពី ២៥ ទៅ៤០ គីឡូក្រាម ក្នុងមួយក្បាល ត្រូវបានផ្នែកនាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាំយកមកពីខេត្តសៀមរាប ទៅលែងក្នុងបឹងធម្មជាតិមួយហៅថា (បឹងខាំផា ) ដើម្បីឱ្យវារស់នៅបន្តពូជបែបធម្មជាតិ ដើម្បីឱ្យបរិមាណក្រពើត្រីមានការកើនឡើងបន្ថែម ខណៈសត្វក្រពើប្រភេទនេះ ជិតផុតពូជទៅហើយ។

យើងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពិធីលែងសត្វក្រពើត្រីទៅក្នុងបឹងធម្មជាតិ បានធ្វើឡើងនៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក អ៊ន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា សត្វក្រពើត្រីដែលបាននាំយកមកលែងនេះ មានចំនួន ២៥ក្បាល តែការនាំមកមានផ្លូវឆ្ងាយ និងប្រើរយៈពេលយួរ វាបានស្លាប់ចំនួន៣ក្បាល នៅសល់តែ២២ក្បាលប៉ុណ្ណោះបានលែងទៅក្នុងបឹងធម្មជាតិនៅតំបន់អភិរក្សសត្វត្មាត ក្នុងភូមិសាស្ត្រទឹកដីស្រុកសៀមប៉ាង។

ក្រពើត្រីជាសត្វជិតផុតពូជ ត្រូវបានមន្ត្រីនាយកដ្ឋានជលផល សហការជាមួយក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីលែងសរុបបានចំនួន ៤១ក្បាលហើយ ក្នុងនោះ លើកទីមួយចំនួន១៩ក្បាល ​និងលើកទី២នេះ ​មានចំនួន២២ក្បាល ទៅក្នុងបឹងណាវ៉ា និងបឹងខាំផា ​ស្ថិតនៅក្នុងភូមិសាស្ត្រ ​ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕