Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏យូរអង្វែង បើទោះជាមានការថយចុះក្នុងឆ្នាំ២០២០ ,២០២១ក៏ដោយ

បាត់ដំបង ៖ ថ្លែងក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ ដែលប្រព្រឹត្តធ្វើឡើងនៅមណ្ឌលកីឡាដ្ឋានបាល់ទាត់វាលបែកចាន ស្ថិតក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏យូរអង្វែង បើទោះជាមានការថយចុះក្នុងឆ្នាំ២០២០ និង២០២១ក៏ដោយ ក៏ប៉ុន្តែគ្រោះថ្នាក់នេះមាននិន្នាការកើនឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាការក្រើនរំលឹកនិងពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គោរពច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យនៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវនាំមកនូវសុវត្ថិភាព និងភាពរីករាយ ការជួបជុំគ្រួសារក្នុងសង្គមជាតិកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច ជាពិសេសមានផ្លូវស្ពាន តភ្ជាប់ទៅគ្រប់ទិសតំបន់នៅក្នុងប្រទេសនិងតភ្ជាប់ជាមួយប្រទេសជិតខាងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរជាលំដាប់ ។

សម្តេច ស ខេង បានបញ្ជាក់ថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលបណ្តាលឲ្យចំនួនអ្នកស្លាប់និងអ្នករងរបួស មានអត្រាខ្ពស់លើសគ្រោះថ្នាក់សង្គមនានាជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៥នាក់និងអ្នករបួសចំនួន១៤នាក់ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន១០៦លើកស្មើនឹង១៤% គឺ៨៦៩លើ៧៦៣លើក ចំនួនអ្នកស្លាប់កើន៦០នាក់ ស្មើនឹង១៤% គឺ៤៩៣នាក់ លើ៤៣៣នាក់ និងចំនួនអ្នករងរបួសកើនចំនួន១៤៩នាក់ ស្មើនឹង១៣% គឺ ១២៦២នាក់ លើ ១១១៣នាក់ ដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាហានិភ័យបង្កនូវគ្រោះមហន្តរាយដល់អាយុជីវិតមនុស្ស បង្កការបាត់បង់កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន ដែលត្រូវទាមទារនូវការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មាននិន្នាការថយចុះនៃការស្លាប់ និងរបួស ដែលបង្កឡើងដោយសារការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថាន បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ឬរបួសពិការ
យ៉ាងអាណោចអាធ័ម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវ កូនកំព្រា ស្ត្រីមេម៉ាយ ពោះម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនមកលើសង្គមកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថានៅក្នុងឆ្នាំ២០២១ កន្លងមកនេះខេត្តបាត់ដំបងមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២៧ករណី ចំនួនអ្នកស្លាប់ ៧៤នាក់ និងអ្នករបួស ២១៤នាក់ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៦២ករណី ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ១២នាក់ និងអ្នករបួសថយចុះ ១០៩នាក់។