Connect with us

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ ២​គ្រាប់ ​ដែល​ទំនងជា​មី​ស៊ី​ល​តម្រង់​គោលដៅ

កូរ៉េខាងជើង៖ សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​រាយការណ៍​ដោយ​យោង​តាម​ប្រភព​ពី​យោធាថា នៅ​ថ្ងៃអង្គារ​នេះ​កូរ៉េខាងជើង​បាន​បាញ់​អាវុធ​ដែល​ទំនងជា​មី​ស៊ី​ល​តម្រង់​គោលដៅ​ចំនួន​ ២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្បែរ​តំបន់​ឆ្នេរ​របស់​ខ្លួន ក្រោយ​ការ​បាញ់​សាកល្បង​ជា​បន្តបន្ទាប់​នៃ​មី​ស៊ី​ល​បាលី​ស្ទីកដែល​ត្រូវ​បាន​ហាមប្រាម​កាលពី​ដើមខែ​នេះ​។

សេចក្ដីរាយការណ៍ ដដែល​បាន​បន្ថែម​ថា យោធា​កូរ៉េខាងត្បូង​កំពុង​វាយតម្លៃ​ការ​បាញ់​នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​កំណត់​ពី​ឈ្មោះ​ ឬ​ប្រភេទ​នៃ​អាវុធ​នោះ​។​

ទីភ្នាក់ងារសារព័ត៌មាន NK News ក៏បាន​រាយការណ៍​ផង​ដែរ​ថា ​មាន​មី​ស៊ី​ល​តម្រង់​គោលដៅ​ចំនួន ​២​គ្រាប់​ត្រូវ​បាន​បាញ់​។ ​អគ្គសេនាធិការ​ចម្រុះ​របស់​​កូរ៉េខាងត្បូងពុំបាន​បញ្ជាក់​ភ្លាមៗ​ទេ​ ទៅ​នឹង​របាយការណ៍​នោះ​។​

គួរ​ឲ្យ​ដឹង​ថា ​មី​ស៊ី​ល​តម្រង់​គោលដៅ​ដែល​បាន​បាញ់​នេះ មិន​ត្រូវ​បាន​ហាមប្រាម​ក្រោម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ទេ​។​ កាលពី​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​ផ្គើន​ទៅ​នឹង​ការ​ថ្កោលទោស​ពី​អន្តរជាតិ និង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន​ ៤​លើក​៕​