Connect with us

សេដ្ឋកិច្ច និង កសិកម្ម

ត្រីមាសទី១ឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និង​ចំណូល​ពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ​គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ១,៥៩៤ដុល្លារ ​ក្នុងមួយតោន បាន​ថយចុះចំនួន៤២ដុល្លារ ក្នុងមួយតោន ​ស្មើនឹង០.% ធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ​ផ្ទៃដីកៅស៊ូសរុបមានចំនួន ​៤០៤,០៤៤ហិកតា ​ក្នុងនោះ ផ្ទៃដីចៀរជ័រ​មានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ​៩៣,៨៥១ហិកតា ស្មើនឹង២៣%

គូស​បញ្ជាក់​ថា​ នៅឆ្នាំ២០២១ កម្ពុជា​រក​ចំណូល​បានជាង ៦១១លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ និង​ឈើកៅស៊ូ ។ ក្នុងនោះ​ នាំចេញជ័រកៅស៊ូ​ ចំនួន៣៦៦,៣០០តោន និង​នាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕