Connect with us

ព័ត៌មានជាតិ

ស្ថានភាពនៃការបើកដំណើរការអាជីវកម្មរបស់អាជីវករនៅខេត្តបាត់ដំបង បានវិលមកជាប្រក្រតីភាពឡើងវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់

បាត់ដំបង៖ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២ បានបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ ដែលរហូតមកដល់នឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការធ្វើអាជីវកម្មរបស់អាជីវករនានានៅក្នុងខេត្តបាត់ដំបង ពិសេសក្រុងបាត់ដំបង មានសកម្មភាពជាប្រក្រតីឡើងវិញហើយ ។តាមការសង្កេតឃើញជាទូទៅ ក្រុមអាជីវករទាំងនៅទីប្រជុំជននិងតំបន់ជនបទ បានចាប់បើកអាជីវកម្មលក់ដូរទំនិញរបស់ខ្លួនបានពេញលេញឡើងវិញហើយ ដោយឡែកសម្រាប់ទីផ្សារដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ក្រុងបាត់ដំបង ដូចជាផ្សារបឹងឈូក ផ្សារធំបាត់ដំបងហៅផ្សារណាត់ និងផ្សារ១៣មករា ស្ថិតក្នុងក្រុងបាត់ដំបង ក៏ចាប់ដំណើរការនូវសកម្មភាពជាប្រក្រីតីភាពឡើងវិញផងដែរ បន្ទាប់ពីក្រុមអាជីវករមួយចំនួនធំ បានឈប់សម្រាកមិនមានការលក់ដូរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ រួមជាមួយនឹងថ្ងៃអាទិត្យផងនោះ ។លោក ជុំ វីរៈ អាជីវករនៅផ្សារបឹងឈូក ក្រុងបាត់ដំបង បានបង្ហាញថា ក្រុមគ្រួសារគាត់មិនបានធ្វើការលក់ដូរអស់រយៈពេល៣ថ្ងៃពេញ ពោលគឺក្នុងពេលបុណ្យចូលឆ្នាំនេះតែម្តង ។ លោក បានបន្តថា ក្នុងរយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គាត់បាននាំក្រុមគ្រួសារទៅស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ដើម្បីបានជួបជុំឪពុក ម្តាយ និងក្រុមគ្រួសារ ប្រកបដោយភាពសប្បាយរីករាយ ពិសេសបានធ្វើបុណ្យដាក់ទាននៅតាមទីអារាមនានាថែមទៀតផង ។ដោយឡែក អ្នកស្រី ជា ហុង អាជីវករលក់សម្លៀកបំពាក់នៅផ្សារធំបាត់ដំបង បានបញ្ជាក់ថា ក្រៅពីការជួបជុំក្រុមគ្រួសារ គាត់បានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានចំការទុរេនអូរតង និងរមណីយដ្ឋានចំការស្វាយ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលជារមណីយដ្ឋានមានទឹកធ្លាក់មកពីខាងលើនៃស្រុកសំឡូត និងបានងួតទឹកលេង ថែមទៀតផង ហើយរហូតមកដល់ពេលរាត្រី បានបន្តចូលរួមដើរលេងក្នុងសង្រ្កាន្តបាត់ដំបង ពិសេសបានចូលរួមលេងល្បែងប្រជាប្រិយនៅទីនោះថែមទៀត ។

យ៉ាងណាក៏ដោយ ក្រុមអាជីវករបានសំដែងនូវការថ្លែងអំណរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតិឲ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឡើងវិញ បន្ទាប់ពីពិធីបុណ្យសាសនារបស់ជាតិដ៏សំខាន់មួយនេះ បានខកខានអស់រយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែវិបត្តិនៃការផ្ទុះឆ្លងជំងឺកូវីដ១៩ ។

ទន្ទឹមនឹងនោះផងដែរ ពួកគាត់បានបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយឲ្យមានការជួបជុំនិងប្រារព្ធពិធីបុណ្យ ការរៀបចំសង្រ្កាន្តបាត់ដំបង ក៏ពួកគាត់មិនមានការធ្លេសប្រហែសក្នុងការចូលរួមអនុវត្តតាមគោលការណ៍ណែនាំពីក្រសួងសុខាភិបាលនូវវិធានការ ៣កុំ និង៣ការពាផងដែរ ដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទោះជាស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ មានភាពធូរស្រាលមកវិញក៏ដោយ ៕