Connect with us

សុខភាព

សាធារណរដ្ឋឆែក​ ជួយ​ឧបត្ថម្ភសាងសង់មនី្ទរពេទ្យ ​និងបណ្តុះបណ្តាល​ដល់​មន្រី្ត​សុខាភិបាល​តាមបណ្តាខេត្ត

ភ្នំពេញ៖ ​សាធារណរដ្ឋឆែក​​ជួយ​ឧបត្ថម្ភរបស់ដូចជា៖ ការសាងសង់មណ្ឌលសុខភាពចំនួន០៣​ គឺមណ្ឌលសុខភាពរាមអណ្តើក មណ្ឌលសុខភាពធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារ​សម្ភព​ក្នុងមនី្ទរពេទ្យបង្អែកកោះអណ្តែត និងការបណ្តុះបណ្តាលដល់មន្រី្ត​សុខាភិបាល​ខេត្តតាកែវ។

រដ្ឋមន្រី្តក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអរគុណសាធារណរដ្ឋឆែក ចំពោះការជួយឧបត្ថម្ភសាងសង់មនី្ទរពេទ្យ និងបណ្តុះបណ្តាលដល់មន្រី្តសុខាភិបាល តាមបណ្តាខេត្តនានា។

ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខាភិបាល នាទីសី្តការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ជាមួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានោះដែរ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩មក ឆែក បានជួយគាំទ្រដល់មូលដ្ឋានសុខាភិបាលមួយចំនួនតាមរយៈអង្គការជាដៃគូរបស់ខ្លួន ដូចជា​មនី្ទរពេទ្យកុមារជាតិ តាមរយៈគម្រោងSupporting Mother For Surviving Baby, ការផ្តល់ឧបករណ៍​បរិក្ខារវេជ្ជសាស្រ្ត, គម្រោងNeonatal Care រួមមានការបណ្តុះបណ្តាល ការរៀបចំសេវានៅ​ក្នុង​មនី្ទរពេទ្យ និងការផ្តល់ឧបករណ៍វេជ្ជសាស្រ្ត, គម្រោងគាំពារសុខភាពទារក និងគម្រោង Improving Capacity of Maternal and Child Care in a Newly Built Perinatal Care Center Cambodia ដែលនឹងចុះហត្ថលេខាឆាប់ៗខាងមុខនេះ។

លើសពីនេះបានជួយដល់វិទ្យាស្ថានជាតិ សុខភាពសាធារណៈ តាមរយៈគម្រោង Finding Ways to Strengthen Infection Prevention and Control in Hospital Settings Through Improved Access to Safe and Quality Water, Sanitation and Hygiene មនី្ទរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈគម្រោង​ការផ្គត់ផ្គង់ ​ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ​និង​សំលៀកបំពាក់​សុវតិ្ថភាព​សម្រាប់បុគ្គលិកសុខាភិបាល (PPE)

ទន្ទឹមនឹងនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ក៏បានស្នើសុំការគាំទ្រពីឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ដើម្បីចុះទៅធ្វើការសិក្សា​ទៅលើ​គម្រោង​ដែល​បានអនុម័ត និងពិភាក្សាការងារជាមួយមនី្ទរសុខាភិបាលខេត្តកំពង់ឆ្នាំង ​ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ជាការឆ្លើយតប ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានគាំទ្រចំពោះសំណើសុំទៅទស្សនកិច្ចនៅ​ខេត្តកំពង់ឆ្នាំង ​និងបានជូនពរដល់គណៈប្រតិភូឲ្យទទួលបានជោគជ័យ​ និងស្នាក់នៅខេត្តកំពង់ឆ្នាំង ប្រកប​ដោយ​សុវត្ថិភាព។

ឯកឧត្តមរដ្ឋមន្រី្ត​ ក៏បានសម្តែងនូវសេចកី្តសង្ឃឹម​យ៉ាង​មុតមាំថា កិច្ចសហប្រតិបតិ្តការលើវិស័យ​សុខាភិបាល ​នៃប្រទេសទាំងពីរ​ មិនត្រឹមតែពង្រឹងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែចំណង​មិត្តភាព​សាមគ្គីភាពជាប្រពៃណី ​រវាងព្រះរាជាណាចក្រកម្ពុជា ​និងសាធារណរដ្ឋឆែក នឹងកាន់តែត្រូវបាន​ពង្រឹង ​និងពង្រីកជាលំដាប់៕