Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងការពារជាតិ លើកកម្ពស់ស្មារតីកងទ័ព ក្រោយបំពេញបេសកកម្មការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកម្ពស់ស្មារតីកងកម្លាំងចម្រុះទាំង៣ប្រភេទ ពិសេសកងទ័ពការពារព្រំដែនកម្ពុជា-ថៃ ដែលបានបំពេញបេសកកម្មការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងទៅថ្មីៗនេះ…។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើកគ្រប់វិស័យ ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅប្រកបដោយភាពសុខដុម ហើយអាចប្រារព្ធពិធីបុណ្យធំៗបាន ដូចជា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម។

ឯកឧត្តម បានគូសបញ្ជាក់ថា ដោយសារការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ យើងខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន២ឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំនេះ ដោយសារការអនុវត្តវិធានទុបស្កាត់ជំងឺកូវីដ-១៩ មានប្រសិទ្ធភាពសម្តេចតេជោ បានអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឡើងវិញ ក្រោមកិច្ចថែរក្សា ការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាព ពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះគ្រប់ជាន់ថ្នាក់ និងមន្ត្រីសុខាភិបាលនៅទូទាំងខេត្តផងដែរ។

ទោះយ៉ាងណា ក្រោយពិធីបុណ្យឆ្លងឆ្នាំបានបិទបញ្ចប់ កងម្លាំងចម្រុះទាំង៣ប្រភេទ ដែលបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ ខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ នឹងត្រូវវិលត្រឡប់ទៅតាមគោលដៅនៃកងឯកភាពរបស់ខ្លួនវិញ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ បានពាំនាំនូវសម្ភារ ថវិកា មួយចំនួនផ្ដល់ជូនកងកម្លាំងទាំង៣ រួមមាន៖ កងរាជអាវុធហត្ថ នគរបាល និងកងទ័ព ដើម្បីលើកកម្ពស់ស្មារតី ក៏ដូចជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រែងប្រែងក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ និងត្រូវបន្តសកម្មភាពការពារព្រំដែនកម្ពុជា-ថៃ ឱ្យស្ថិតនៅជាព្រំដែនសហប្រតិបត្តិការល្អ និងសុខសន្តិភាពក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា…៕