លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា បន្តជួបសួរសុខទុក្ខ និងបើប្រាក់ឧបត្ថម្ភប្រចាំខែជួនចាស់ជរា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយយុវជនសសយក យុវជនកាកបាទក្រហម និងក្រុមការងារមូលនីធិកាលពីចុងសប្តាហ៍កន្លងទៅនេះបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយ លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីក្រុមការងាររបស់មូលនិធិ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។

លោកជំទាវប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័នរូបវ័ន្ននានារួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរានេះ បានបង្កើតឡើងក្នុង គោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាព លោកយាយលោកតាដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗឲ្យប្រព្រឹត្តិតែអំពើល្អ ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរាតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំ ។

សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរាក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបើក ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់លោកយាយ លោកតា ចាស់ជរាចំនួន ៥៨នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀលរួមទាំងឃីត១កញ្ចប់ផងដែរ ៕

CATEGORIES
Share This