Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ​យក​ថវិកា​បាន​ពី​ការ​លក់​សៀវភៅ​«គូ​ព្រេង មិន​ព្រាត់»​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន

ភ្នំពេញ៖ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា សម្ដេច​នឹង​ប្រើ​ប្រាស់​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សៀវភៅ​«គូ​ព្រេង​ មិន​ព្រាត់» សម្រាប់​សាង​សង់​ផ្ទះ​សម្បែង​ជូន​អតីត​យុទ្ធជន។

សម្ដេច​តេជោ បាន​ឱ្យ​ដឹង​ថា សម្ដេច​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា «គូ​ព្រេង មិន​ព្រាត់» ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន។

សម្ដេច​តេជោ ហ៊ុ​ន សែន បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​បាន​ដឹង​ថា សៀវភៅ​ជា​ភាសា​ចិន អាច​លក់​បាន ១,៥០០​ក្បាល​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី និង​រក​ចំណូល​បាន ៧,៥០០​ដុល្លារ​ហើយ។

សម្ដេច​តេជោ ហ៊ុន សែន បាន​​សរសេរ​ថា​៖ «ខ្ញុំ​នឹង​ប្រើ​ថវិកា​នេះ​សម្រាប់​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន»

សៀវភៅ​«គូ​ព្រេង មិន​ព្រាត់» ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ផង​ដែរ។ សម្រាប់​ភាសា​ចិន សៀវភៅ​នេះ ត្រូវ​បាន​រាប់​រង​ប្រែ​សម្រួល និងបោះពុម្ព​ផ្សាយ​ដោយ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា៕