Connect with us

សន្តិសុខ និង សង្គម

ស្រ្តីម្នាក់រងភាពអយុត្តិធម៌ក្រោយប្តីស្លាប់ ត្រូវបានម្តាយក្មេកបណ្តេញចេញពីផ្ទះរបស់ខ្លួន

ឧត្តរមានជ័យ៖ ស្ត្រីដែលជាអតីតកូនប្រសារម្នាក់ ត្រូវបានម្តាយក្មេកបណ្តេញចេញពីផ្ទះ​របស់ខ្លួន​ក្រោយប្តីបានស្លាប់បាត់បងជីវិតនៅឯស្រុកថៃ បាន​ដង្ហោយ​ដល់​អាជ្ញាធរ​​ជួយ​អនុវត្តច្បាប់ ពន្លឿន​ផ្តល់​ភាព​យុត្តិធម៌​ដល់រូបគាត់ ដើម្បីបានរស់នៅលើដីលំនៅដ្ឋានរបស់ខ្លួនវិញ​ ស្ថិតនៅភូមិដូនទា ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ស្ត្រីរងគ្រោះ ឈ្មោះលិត លាស់ អាយុ៣៧ឆ្នាំ អតីតកូនប្រសារ របស់ឈ្មោះឈឿន រួម អាយុ៧៤ឆ្នាំ ត្រូវជាម្តាយក្មេក រស់នៅភូមិឃុំខាងលើនេះ បានឲ្យដឹងថា កាលពីម្ភៃឆ្នាំមុនរូបគាត់​បានរៀបការ​ជាមួយ​បុរស ឈ្មោះ វៀត ដុង(ប្តី) ម្តាយក្មេក​បាន​ចែកដី​កេរ្តិ៍​ស្រះទឹកមួយ​កន្លែង​ឲ្យ ​ដើម្បី​សង់ផ្ទះ​ស្នាក់នៅ និងបានចាក់ដីបំពេញស្រះទឹក រួមទាំងបានទិញដីស្រែមួយចំនួនខ្លះផងដែរ។

ស្ត្រីដដែល បានបន្តថា​ ដោយមានការខ្វះខាតប្រាក់មួយ​ចំនួន​សម្រាប់​សង់ផ្ទះ ​ក៏​បានខ្ចីប្រាក់ពី​ធនាគារ​ចំនួន ១៥ម៉ឺនបាត ដោយ​ដាក់​បញ្ចាំ​ប្លង់ដីផ្ទះ និង​ប្លង់ដីស្រែ ​(ឈ្មោះប្តីប្រពន្ធ) ខណៈរក​ប្រាក់បង់​មិនបាន​ អ្នក​ទាំងពីរ​ក៏​សម្រេចចិត្តទៅធ្វើការនៅប្រទេសថៃ ​និង​បាន​ទម្លាក់​ប្រាក់​សម្រាប់​បង់​ធនាគារ​បាន​ចំនួន ៥ម៉ឺនបាត​ ហើយ​ចំនួន​ប្រាក់​នៅ​សល់​ម្តាយ​ក្មេក​បាន​បង់ផ្តាច់​ជំនួស​កុំ​ឲ្យ​ខាត​ការ​ប្រាក់​ច្រើន ​ក៏ឱ្យសាក្សី ដែលបានផ្តិតមេដៃធ្វើជាសាក្សី​ឱ្យខ្ចីប្រាក់នោះ​ មក​យ​កប្លង់ដីផ្ទះ​និងប្លង់ស្រែ​រក្សា​ទុក។

បន្ទាប់ពីប្តីរបស់ខ្លួនស្លាប់នៅស្រុកថៃ រូបគាត់បានត្រឡប់មកស្រុកខ្មែរវិញ ក៏បាន​សុំ​ទាមទារ​ប្លង់ទាំង​នោះ​មកកាន់កាប់វិញ និងប្រគល់សង់​ប្រាក់​គ្រប់​ចំនួន​ដល់ម្តាយក្មេក​ប៉ុន្តែម្តាយក្មេកគាត់​មិន​ព្រមប្រគល់ឱ្យ​ ដោយ​និយាយថា​ កូនប្រុសគាត់បានស្លាប់ហើយ​ ស្រ្តីដែលជាកូនប្រសាររូបនេះ​មិនមាន​សិទ្ធិរស់នៅកាន់កាប់លើដីផ្ទះ និងដីស្រែនោះទៀតទេ ​និងបានបណ្តេញ​ចេញពីផ្ទះរហូត​ដល់​បច្ចុប្បន្ននេះផងដែរ។

ដោយភាពអយុត្តិធម៌ ជនរងគ្រោះបានដាក់បណ្តឹង​នៅសាលាដំបូង​ខេត្តឧត្តរមានជ័យ​អស់​រយៈពេល​ជាច្រើន​ខែឆ្នាំ​មកហើយ ប៉ុន្តែនៅមិនទាន់ទទួល​បានពន្លឺយុត្តិធម៌ចំពោះរូបគាត់​នៅឡើយនោះទេ។

ពាក់ព័ន្ធករណីម្តាយក្មេក និងកូនប្រសារខាងលើនេះ ​អាជ្ញាធរមូលដ្ឋាន​ភូមិ ឃុំ រហូតដល់​ស្រុកបន្ទាយអំពិល ​បាន​លើកឡើង​ប្រហាក់ប្រហែលគ្នា​ ចំពោះ​ការ​គាំទ្រ​ភាគី​កូន​ប្រសារ ដោយ​កន្លងមកអាជ្ញាធរ​បាន​ធ្វើការសម្របសម្រួល​ជាច្រើន​លើក​ច្រើន​សារតែភាគី​ខាងម្តាយក្មេក​មិន​ព្រម​ទទួលយកនូវការសម្របសម្រួលនោះទេ។

ជាមួយគ្នានោះ​ដែរស្រ្តី​ជន​រងគ្រោះ​បាន​សំណូមពរ​ ស្នើឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ ​ជួយ​រក​យុត្តិធម៌​ជូនដល់រូបគាត់ដែលជាស្រ្តីរងគ្រោះនេះផង ដើម្បីចូលរស់នៅក្នុងផ្ទះរបស់ខ្លួនវិញ៕