Connect with us

ព័ត៌មានជាតិ

កម្ពុជាជំរុញវិនិយោគិនជប៉ុន លើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ទាក់ទាញវិនិយោគិនជប៉ុន ពិចារណា លើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប និងគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពលនៅកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិកកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃ​ជប៉ុនប្រចាំនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។

ក្នុងជំនួបខាងលើនេះ​ ឯកឧត្តម ស៊ុយ សែម បញ្ជាក់ពីជំហរនៃបង្កើនការប្រើប្រាស់ប្រភពថាមពល​កកើត​ឡើងវិញ​ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន និងការមិនរៀប​ចំ​គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលបានសម្រេចរួច​ហើយ​តាំងពីឆ្នាំ២០១៩។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការវិនិយោគរបស់ក្រុមហ៊ុនថាមពលជប៉ុន​នៅ​កម្ពុជាផងដែរ គឺ​គម្រោង​វិនិយោគបន្ថែមម៉ាស៊ីន​ផលិត​អគ្គិសនី​ដើរដោយ​ធ្យូង​ថ្មអានុភាព 135MW ខេត្តព្រះសីហនុ​ និងការផ្តត់ផ្គង់នាឡិកាស្ទង់អគ្គិសនី ក៏ដូចជាគម្រោងបណ្តុះបណ្តាលបច្ចេកទេស​ដែល​ជា​ជំនួយ​ពីភាគីជប៉ុនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរាជទូត ជួយផ្សព្វផ្សាយនិងគៀងគរក្រុមហ៊ុន​វិនិយោគ​ជប៉ុន មកកម្ពុជាបន្ថែមទៀតលើគម្រោងអភិវឌ្ឍន៍រោងចក្រអគិ្គសនី និង​គម្រោង​ខ្សែ​បណ្តាញ​បញ្ជូន​អគិ្គសនី ​ក៏ដូចជាបន្តផ្តល់ជំនួយបច្ចេកទេស និងគម្រោងបណ្តុះបណ្តាលបន្ថែមទៀត​ជូនក្រសួង។

ជាការឆ្លើយតប​ឯកឧត្តមឯកអគ្គរាជទូត ​មានប្រសាសន៍ថា ស្ថានទូតជប៉ុន មានបំណងស្វែងយល់​អំពី​គម្រោង​អន្តរកាលថាមពល ​និងអព្យាក្រឹត្យកាបូនកម្ពុជា ការបង្កើនការប្រើប្រាស់ប្រភពថាមពល​កកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត​ ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន ជាមួយ​នឹង​ការ​រៀបចំ​គោល​នយោបាយ និងការអភិវឌ្ឍគម្រោងស្តីពីប្រសិទ្ធភាពថាមពល៕