Connect with us

ព័ត៌មានជាតិ

មន្រ្តីនគរបាលចរាចរខេត្តប៉ៃលិនរងចោទប្រកាន់ពីស្រ្តីម្នាក់ ដែលប្តីបានបាត់បង់ជីវិត ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍

ខេត្តប៉ៃលិន ៖ ស្រ្តីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក បានលើកដៃសំពះស្រែកទ្រហោយំអង្វរឱ្យថ្នាក់ដឹកនាំខេត្តប៉ៃលិន ជួយរកយុត្តិធម៌ ជាពិសេសស្ថាប័នតុលាការ ក្រោយប្តីរបស់ខ្លួនដែលរត់ម៉ូតូឌុប ត្រូវបានរថយន្តស៊េរីទំនើប បើកបរក្នុងល្បឿនលឿន បុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យឃ្ទាតបោកក្បាលទៅនឹងផ្លូវថ្នល់ស្លាប់ ខណ:ស្រ្តីម្នាក់ជិះពីក្រោយ រងរបួសបាក់ជើងឆ្វេង។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួន។ លុះក្រោយមក ស្រាប់តែពឹងអ្នកផ្សេងឱ្យចេញមុខរត់ការបង់ថ្លៃសំណង តែរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមគ្រួសារជនរងគ្រោះកំពុងទន្ទឹងរង់ចាំ ព្រោះមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ គាត់សង្ស័យថា ជនបង្កបានឃុបឃិតគ្នាជាមួយនឹងមន្រ្តីនគរបាលចរាចរជើងគោកខេត្តប៉ៃលិន ចង់បិទសំណុំរឿងនេះចោល ព្រោះពន្យាពេលរហូត។

គួររំលឹកថា ៖ កាលពីវេលាម៉ោង០៥ និង២៣នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់មួយនៅលើបណ្តោយផ្លូវជាតិលេខ៥៧ រវាងម៉ូតូ និងរថយន្ត ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។ ជនរងគ្រោះ មានឈ្មោះ ណុប ជា អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសក្បាលធ្ងន់ធ្ងរ ដោយបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម (Honda dream) ស៊េរី 2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-4601 (ខូចខាតស្រាល)។ អ្នករួមដំណើរ ឈ្មោះ ឈន សាន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (របួសបាក់ជើងឆ្វេង)។ ចំណែកជនបង្ក មិនស្គាល់អត្តសញ្ញាណ ដោយបើកបររថយន្ដ ម៉ាកឡិចស៊ីស 330 ពណ៌ស គ្មានស្លាកលេខ បានរត់គេចខ្លួន។

បើតាមប្រភពព័ត៌មានពីស្រ្តី ឈ្មោះ ឈៀង បឿត អាយុ៤៣ឆ្នាំ បានរៀបរាប់ទាំងបង្ហូរទឹកភ្នែករហាមគួរឱ្យអាណិតអាសូរស្ទើរខ្លាចចិត្តឱ្យដឹងថា ៖ ប្តីរបស់គាត់ ប្រកបមុខរបររត់ម៉ូតូឌុប ដើម្បីចិញ្ចឹមគ្រួសារ ដោយ១ថ្ងៃ បានថវិកា៤០០០០ទៅ៥០០០០រៀល ខណ:មានកូន៥នាក់ ក្នុងបន្ទុក ប្រុស៣នាក់ ស្រី២នាក់ ដោយកូនច្បងអាយុ២០ឆ្នាំ កូនពៅអាយុ៣ឆ្នាំ។ គាត់បានបន្តទាំងក្តីអាឡោះអាល័យប្តីរបស់ខ្លួនថា ចាប់តាំងពីប្តីត្រូវរថយន្តបុកស្លាប់ ធ្វើឱ្យគ្រួសារគាត់ជួបនឹងបញ្ហាជីវភាពខ្វះខាតយ៉ាងខ្លាំង។ កាលពីមុន កូនប្រុសទី៣របស់ខ្លួន ពេលទៅរៀនម្តងៗ ត្រូវឪពុកដឹកយកទៅសាលារៀន មុននឹងចេញទៅរត់ម៉ូតូឌុប លុះពេលគាត់ស្លាប់ចោល ស្រាប់តែកូនរបស់ខ្លួននៅអង្គុយរង់ចាំឪពុកទៅដឹកចេញពីសាលារហូតដល់ថ្ងៃត្រង់ ដោយភ្លេចខ្លួនថា បានស្លាប់ចោល ដែលធ្វើឱ្យគាត់លួចស្រក់ទឹកភ្នែកយំម្នាក់ឯង ពេលឃើញកូននិយាយថា រង់ចាំប៉ា មកដឹកយកទៅផ្ទះវិញ។  ចំណែកកូនតូចអាយុ៣ឆ្នាំ តែងតែសួរនាំរកឪពុករបស់ខ្លួន គ្រប់ពេលវេលា ព្រោះពីមុន ពេលចេញពីរត់ម៉ូតូឌុបម្តងៗ គាត់តែងតែទិញនំបញ្ចុក និងនំចំណីផ្សេងៗ ផ្ញើប្រពន្ធកូន រាល់ថ្ងៃ ហើយក៏ធ្វើឱ្យគាត់នឹកឃើញអនុស្សាវរីយ៍ដ៏កំសត់កម្រ ដែលយំបង្ហូរទឹកភ្នែកជារៀងរាល់ថ្ងៃ ខណ:ដែលប្តីបានស្លាប់អស់រយ:ពេលជាងកន្លះខែមកហើយ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ គាត់មិនទាន់ទទួលបានសំណងពីជនបង្កហេតុនៅឡើយទេ ដោយរូបគេ បានពឹងមន្រ្តីនគរបាលស្នងការខេត្តម្នាក់ ឱ្យដោះស្រាយ ដោយសន្យាឱ្យថ្ងៃនេះ ថ្ងៃនោះរហូត តែអត់បានទទួលថវិកាថ្លៃសំណងសូម្បីតែ១០០រៀលនៅឡើយទេ គឺគាត់ទាមទារចំនួន១៥០០០ដុល្លារ សម្រាប់យកមកធ្វើបុណ្យសពប្តី និងទុកមួយចំនួនសម្រាប់ចិញ្ចឹមកូនតូចៗទៅថ្ងៃខាងមុខ។ ស្រ្តីប្រពន្ធជនរងគ្រោះ ក៏បានលើកដៃសំពះអង្វរឱ្យថ្នាក់ដឹកនាំខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួយអន្តរាគមន៍ និងរកយុត្តិធម៌ ជូនប្តីរបស់គាត់ផង ព្រោះរហូតមកដល់ពេលនេះ ជនបង្កមិនព្រមចេញមុខផ្តល់សំណងឱ្យគ្រួសារគាត់នោះឡើយ។

ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ជនបង្កបើករថយន្តទំនើបខាងលើ បានស្គាល់គ្នាជាមួយនឹងមន្រ្តីនគរបាលចរាចរជើងគោកខេត្តប៉ៃលិន ដោយមិនព្រមចេញមុខចរចាដោះស្រាយខ្លួនឯងនោះទេ ពោលគឺគេចមុខតែម្តង ព្រោះនៅថ្ងៃកើតហេតុ គេសង្ស័យ តែមានការផឹកស៊ីជួបជុំមិត្តភក្តិក្នុងក្រុងប៉ៃលិន លុះស្រវឹង ទើបបើកបររថយន្តក្នុងល្បឿនលឿន នៅចំកណ្តាលក្រុងពេលមនុស្សកំពុងមមាញឹក បណ្តាលឱ្យបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងរងរបួស និងស្លាប់បែបនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជា សីហា នាយការិយាល័យចរាចរជើងគោកខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ការចោទប្រកាន់ពីអ្នកដទៃថា លោកស្គាល់គ្នាជាមួយនឹងជនបង្ក ហើយមិនព្រមចេញមុខដោះស្រាយនោះមិនមែនជារឿងពិតទេ ដោយលោកមិនបានស្គាល់ជនដែលបើកបររថយន្តខាងលើឡើយ។ តែក្រោយមក មានលេខទូរស័ព្ទ១ខ្សែ បានទាក់ទងមកខាងលោកជួយសម្របសម្រួល ខណ:គ្រួសារជនរងគ្រោះដែលស្លាប់ទារសំណង១៥០០០ដុល្លារ រីឯជនរងគ្រោះ ដែលបាក់ជើងឆ្វេងទារសំណងចំនួន៧០០០ដុល្លារ។ លោកបន្តទៀតថា អ្នកបើកបររថយន្តមិនទាន់ឆ្លើយយល់ព្រមសងនៅឡើយទេ ដោយខាងលោកលំបាកទាក់ទង ព្រោះគេអះអាងថា រស់នៅខេត្តពោធិ៍សាត់ ហើយនៅរសៀថ្ងៃទី១៦ ខែឧសភា ២០២២នេះ គេនឹងមកជួបគ្រួសារជនរងគ្រោះ ដើម្បីដោះស្រាយ ហើយបើសិនជាមិនព្រមទេ ខាងលោកនឹងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងឱ្យចាត់ការតាមនីតិវិធី៕