Connect with us

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

កណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយជាទីបំផុតជាមួយ​ក្រុមគ្រួសារសពចំពោះ​មរណភាព​របស់ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ថា មិនត្រឹមជាការបាត់បង់លោកឪពុក លោក​ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់​កម្លាំង​កាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។

ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បាន​ទទួល​មរណភាព កាល​ពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព..២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:១២នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។

សពរបស់ឯកឧត្តមសន្តិបណ្ឌិត ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅ​ភូមិគ្រឹះ៧២ ភូមិមិត្តភាព​ សង្កាត់ព្រែកឯង ​ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ៕