Connect with us

ព័ត៌មានកីឡា

ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ករណីផលិត និងលក់សំលៀកបំពាក់កីឡាជម្រើសជាតិកម្ពុជា ក្លែងក្លាយ

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីផលិត និងលក់សំលៀកបំពាក់កីឡាជម្រើសជាតិកម្ពុជា ក្លែងក្លាយ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ￸ កែវ សារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អំពីករណី មានជនខិលខូចមួយចំនួនតូចបានផលិត និងលក់សំលៀកបំពាក់កីឡាជម្រើសជាតិកម្ពុជា ដោយមិនមានច្បាប់អនុញ្ញាត (ក្លែងក្លាយ) ។ លោកបានចាត់តាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ រហូតឈានដល់ បង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC ១ករណី នៅចំណុចមុខសណ្ឋាគារសុងតារា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយ ចំនួន២៤៩កំប្លេ យកមកធ្វើការសាកសួរ ។

លោកបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ￸ សេង ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ បានឆ្លើយសារភាពថា រូបគេពិតជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកសញ្ញា កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឱ្យគេបោះ￸ពុម្ភ យកមកលក់ខ្លួនឯងផង និងចែកចាយឱ្យឈ្មោះ￸ សុខ ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ￸ ស្រី ហុងអ៊ូ លក់បន្តផង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាស ៕

ដោយ ៖ សម្បត្តិ សីហា