Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ៖ បេីមានមន្ត្រីយុត្តិធម៌ណា ប្រព្រឹត្តខុសច្បាប់​អង្គភាព​ គឺ គ្មានការ ការពារឡេីយ​ 

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ដាស់តឿនស្មារតីមន្ត្រីក្រោមឱវាទរបស់លោកថា បេីមានមន្ត្រីយុត្តិធម៌ណា ប្រព្រឹត្តនឹងខុសច្បាប់​អង្គភាព​ គឺ គ្មានការការពារឡេីយ​ ។

មានប្រសាសន៍ដាស់តឿនដូច្នេះ ក្នុងពិធី បិទវគ្គ​ហ្វឹកហ្វឺន​ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅនឹងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ។

ក្រៅពីប្រសាសន៍ដាស់តឿនខាងលើ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាម​ ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់​ ប្រកបដោយឆន្ទៈ​ រយៈពេលពេញ១ខែកន្លងមកនេះ ។ មួយវិញទៀត ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ​ ជូនជាតិមាតុភូមិ​ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ឲ្យបានល្អ ត្រូវរួមចិត្តថ្លេីមគ្នា​ ដេីម្បីសម្រេចនូវកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិ​ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន ។

ក្នុងពិធីនេះដែរលោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលផែនហ្វឹកហ្វឺន បានឱ្យដឹងថា មេរៀនដែលយោធាចារ្យ យកមកធ្វើការហ្វឹកហាត់នេះ មានដូចជា ៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមាន ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា​ ក្នុងពិធីបិទវគ្គ​ “​ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២”​ ក៏មានការសម្តែងនូវមេរៀនសំខាន់ៗ​ ចំនួន៤មេរៀន​ ដូចជា​ ៖​ ១-​ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករ​ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ ។ ២-​សម្ភារៈចាប់ជនបង្ក​ មានកាំបិត​ និងដំបង​។ ៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ។ ៤-បង្ហាញក្បាច់គុណផងដែរ ៕

ដោយ ៖ សម្បត្តិសីហា