Connect with us

ព័ត៌មានជាតិ

ពលករខ្មែរជិត ៣០០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអូរអន្លក់

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ជិត៣០០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពីព្រឹកថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមច្រកអូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ  ក្នុងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ ជាក់ស្តែងនៅព្រឹកថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបានចាត់អោយកម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ចុះទទួលយកពលករខ្មែរប្រុសស្រីសរុបចំនួន ២៦៦នាក់ ស្រីចំនួន១០៩នាក់ និងក្មេងចំនួន ៤២នាក់ ដែលភាគីខាងថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ក្នុងចំណោម ពលករខ្មែរទាំង២៦៦នាក់​ មាន២១៥នាក់ មានកាតចាក់វ៉ាក់សាំង ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញ ដោយឡែកចំពោះពលករចំនួន ៥១នាក់ ស្រី២១នាក់ និងក្មេង០៦នាក់ ដែលគ្មានកាតចាក់វ៉ាក់សាំ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

ដោយ ៖ សាលី